ព្រហ្ម​ជាល​សូត្រ​ ​ទី​ ​១​

សុត្តន្តបិដក/ទីឃនិកាយ/សីលក្ខន្ធវគ្គ
ភាគ១៤

សូមនមស្ការ ថ្វាយបង្គំចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ព្រហ្មជាលសូត្រ ទី១
[១] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ។ 
សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃក្រុងរាជគ្រឹះ និងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន៥០០រូប។ ចំណែកខាងសុប្បិយបរិព្វាជក ក៏បានដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃក្រុងរាជគ្រឹះ និងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ។ បានឮថា ក្នុងផ្លូវឆ្ងាយនោះ សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ។ ឯព្រហ្មទត្តមាណព ដែលជាកូនសិស្សរបស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃដោយអនេកបរិយាយវិញ។ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរនាក់ គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់ (ឥតមានបញ្ចៀសវាសវាង) ហើយដើរជាប់តាមក្រោយៗព្រះមានព្រះភាគ និងភិក្ខុសង្ឃទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅគង់នៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រី ជាមួយនឹងភិក្ខុសង្ឃ។ ឯសុប្បិយបរិព្វាជក ក៏បានចូលទៅនៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រី ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ។ ក្នុងរឿងនោះ បានឮថា សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ។ ឯព្រហ្មទត្តមាណព ជាកូនសិស្សរបស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ។ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំង២រូប គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់ ដើរជាប់តាមក្រោយៗព្រះមានព្រះភាគ និងភិក្ខុសង្ឃទៅ។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយប្រជុំគ្នាក្នុងរោង សម្រាប់សម្រាកកាយ បានផ្តើមពាក្យស្ងើចនេះឡើងថា 
ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់តើហ្ន៎ ម្នាលអាវុសោទាំងឡាយ ហេតុនេះមិនធ្លាប់កើត បែរជាកើតឡើងបាន ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាប ទ្រង់ឃើញច្បាស់ ទ្រង់ជ្រាបចំពោះនូវភាវៈនៃសត្វទាំងឡាយ ដែលមានអធ្យាស្រ័យផ្សេងៗគ្នា ដោយពិតប្រាកដ ព្រោះថា សុប្បិយបរិព្វាជកនេះ ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ចំណែកខាងព្រហ្មទត្តមាណព ជាកូនសិស្សរបស់សុប្បិយបរិព្វាជក ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរនាក់ គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់ ដើរជាប់តាមក្រោយៗនៃព្រះមានព្រះភាគ និងភិក្ខុសង្ឃទៅ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវពាក្យស្ងើចនេះ របស់ភិក្ខុ ទាំងឡាយនោះ ហើយទ្រង់យាងចូលទៅក្នុងរោងសម្រាប់សម្រាកកាយ លុះយាងទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេតែងតាំងថ្វាយ។ លុះព្រះមានព្រះភាគគង់ហើយ ក៏ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា 
ម្នាលភិក្ខុទាំងឡាយ  អ្នកទាំងឡាយមកអង្គុយប្រជុំគ្នាក្នុងទីនេះ និយាយពីរឿងរ៉ាវដូចម្តេច ចុះពាក្យជាចន្លោះដូចម្តេច ដែលអ្នកទាំងឡាយនិយាយមិនទាន់ចប់។ 
កាលព្រះមានព្រះភាគទ្រង់សួរយ៉ាងនេះហើយ ភិក្ខុទាំងនោះក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា 
បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គទាំងឡាយក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់សម្រាកកាយនេះ បានផ្តើមពាក្យស្ងើចនេះឡើងថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់តើហ្ន៎ ម្នាលអាវុសោទាំងឡាយ ហេតុនេះមិនធ្លាប់កើត ក៏បែរជាកើតឡើងបាន ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាប ឃើញច្បាស់ ទ្រង់ជ្រាបច្បាស់លាស់ នូវភាវៈនៃសត្វទាំងឡាយ ដែលមានអធ្យាស្រ័យផ្សេងៗគ្នា ដោយពិតប្រាកដ ព្រោះថា សុប្បិយបរិព្វាជកនេះ ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ឯព្រហ្មទត្តមាណព ជាកូនសិស្សរបស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំង២នាក់ គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់ ដើរជាប់តាមក្រោយៗនៃព្រះមានព្រះភាគ និងភិក្ខុសង្ឃទៅ បពិត្រព្រះអង្គដ៏ចំរើន ពាក្យជាចន្លោះនេះឯង ដែលខ្ញុំព្រះអង្គទាំងឡាយ និយាយមិនទាន់ ចប់នៅឡើយ ទទួលព្រះមានព្រះភាគស្តេចមកដល់។ 
ព្រះអង្គទ្រង់ត្រាស់ថា 
ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី អ្នកទាំងឡាយមិនគួរធ្វើគំនុំ មិនគួរធ្វើសេចក្តីមិនត្រេកអរ មិនគួរធ្វើសេចក្តីអាក់អន់ចិត្ត ចំពោះពួកសត្វទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី បើអ្នកទាំងឡាយក្រោធ ឬអាក់អន់ចិត្ត ចំពោះពួកសត្វទាំងនោះហើយ មុខជាសេចក្តីអន្តរាយ (នៃគុណទាំងឡាយ មានបឋមជ្ឈានជាដើម) នឹងកើតមានប្រាកដ ដល់អ្នកទាំង ឡាយ ដោយសេចក្តីក្រោធ និងសេចក្តីអាក់អន់ចិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី បើអ្នកទាំងឡាយក្រោធ ឬអាក់អន់ចិត្ត ចំពោះពួកសត្វទាំងនោះហើយ អ្នកទាំងឡាយ នឹងបានដឹងច្បាស់ នូវសេចក្តីនៃពាក្យពីរោះ ឬពាក្យអាក្រក់របស់ពួកសត្វដទៃដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំមិនអាចដឹងច្បាស់នូវសេចក្តីនៃពាក្យនោះទេ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃពោលតិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី អ្នកទាំងឡាយ គប្បីឃាត់ពាក្យមិនពិត ដោយពាក្យមិនពិត ចំពោះពួកសត្វទាំងនោះថា ពាក្យនេះមិនពិតដោយហេតុនេះ ពាក្យនេះមិនប្រាកដដោយហេតុនេះ ហេតុនេះឥតមានក្នុងពួកយើង មួយវិញទៀត ពាក្យនេះ រកមិនបានក្នុងពួកយើងទេ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលសរសើរគុណតថាគតក្តី ពោលសរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី អ្នកទាំងឡាយ មិនគួរធ្វើសេចក្តីរីករាយ មិនគួរធ្វើសោមនស្ស មិនគួរធ្វើសេចក្តីព្រើលចិត្ត ចំពោះពួកសត្វទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលសរសើរគុណតថាគតក្តី ពោលសរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មានចិត្តរីករាយ ត្រេកអរ ព្រើលចិត្ត ចំពោះពួកសត្វទាំងនោះហើយ សេចក្តីអន្តរាយ (នៃគុណទាំងឡាយ មានបឋមជ្ឈានជាដើម) នឹងកើតមានប្រាកដ ដល់អ្នកទាំងឡាយ ព្រោះសេចក្តីត្រេកអរនោះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលសរសើរគុណតថាគតក្តី ពោលសរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី អ្នកទាំងឡាយ ត្រូវប្តេជ្ញាពាក្យពិត តាមពាក្យពិត ចំពោះពួកសត្វទាំងនោះថា ពាក្យនេះពិតដោយហេតុនេះមែន ពាក្យនេះ ប្រាកដដោយហេតុនេះមែន ពាក្យនេះ តែងមានក្នុងពួកយើងមែន មួយវិញទៀត ពាក្យនេះ រមែងរកបានក្នុងពួកយើងមែន។

[២] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលបើពោលសរសើរគុណរបស់តថាគត តែងសរសើរដោយគុណជាតណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីលប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលបើពោលសរសើរគុណរបស់តថាគត ដោយគុណជាតណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីលប៉ុណ្ណោះ តើដូចម្តេច។

[៣] (បុថុជ្ជន តែងពោលសរសើរថា) ព្រះសមណគោតម លះបង់បាណាតិបាតហើយ វៀរស្រឡះចាកបាណាតិបាតហើយ មានដំបងដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប ដល់នូវសេចក្តីអាណិតអាសូរ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ថា ព្រះសមណគោតម លះបង់អទិន្នាទានហើយ វៀរស្រឡះចាកអទិន្នាទានហើយ ព្រះអង្គកាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាតែរបស់ដែលគេឲ្យ មានអត្តភាពជាអ្នកមិនលួច មានសភាពដ៏ស្អាត។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ថា ព្រះសមណគោតម លះបង់អព្រហ្មចរិយៈហើយ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ព្រះអង្គចៀសវាង (អំពីអព្រហ្មចរិយៈ) វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុកហើយ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[៤] (បុថុជ្ជន តែងពោលសរសើរថា) ព្រះសមណគោតម លះបង់មុសាវាទហើយ វៀរស្រឡះចាកមុសាវាទហើយ ព្រះអង្គពោលតែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរអ្នកផងជឿបាន មិនពោលបំភ្លាត់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ថា ព្រះសមណគោតម ព្រះអង្គលះបង់បិសុណាវាចាហើយ វៀរស្រឡះចាកបិសុណាវាចាហើយ ព្រះអង្គឮពាក្យក្នុងសំណាក់នៃពួកជនឯណេះហើយ មិននាំយកទៅប្រាប់ដល់ពួកជនឯណោះ ដើម្បីបំបែកពួកជននេះឡើយ ឬឮពាក្យក្នុងសំណាក់នៃពួកជនឯណោះហើយ មិននាំយកមកប្រាប់ដល់ពួកជននេះ ដើម្បីបំបែកពួកជនឯណោះឡើយ។ ព្រះអង្គ ជាអ្នកផ្សះផ្សានូវពួកជន ដែលបែកគ្នាហើយផង ជាអ្នកបន្ថែមកំឡាំងឲ្យដល់ពួកជន ដែលព្រមព្រៀងគ្នាហើយផង ព្រះអង្គ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងការព្រមព្រៀង ទ្រង់ពោលវាចាដែលធ្វើឲ្យព្រមព្រៀងគ្នា។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ថា ព្រះសមណគោតម ទ្រង់លះបង់នូវផរុសវាចាហើយ វៀរស្រឡះចាកផរុសវាចាហើយ ក៏វាចាណា ដែលជាសំដីឥតមានទោស ជាសុខដល់ត្រចៀក គួរឲ្យអ្នកផងស្រឡាញ់ពេញហឫទ័យ ជាសំដីរបស់អ្នកសប្បុរស ជាទីត្រេកអរនៃជនច្រើននាក់ ពេញចិត្តនៃជនច្រើននាក់ ទ្រង់ពោលតែវាចាបែបនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ថា ព្រះសមណគោតម ទ្រង់លះបង់នូវសម្ផប្បលាបហើយ វៀរស្រឡះចាកសម្ផប្បលាបហើយ ព្រះអង្គពោលពាក្យក្នុងកាលគួរ ពោលតែពាក្យពិតប្រាកដ ពោលតែពាក្យដែលជាអត្ថ ពោលតែពាក្យដែលជាធម៌ ពោលតែពាក្យដែលជាវិន័យ ពោលតែពាក្យមានឱកាស ជាទីដំកល់ទុកក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ ដោយកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[៥] ថា ព្រះសមណគោតម វៀរស្រឡះចាកការធ្វើពីជគាម និងភូមតគាម [វត្ថុដែលមានពូជដុះឡើងបាន តែមិនដុះជាប់នឹងផែនដី មានគ្រាប់ឈើជាដើម ហៅថាពីជគាម ឈើស្មៅជាដើម ដែលដុះជាប់នឹងផែនដី ហៅថាភូតគាម។] ឲ្យវិនាសហើយ។ ម្នាលភិក្ខុទាំងឡាយ ដូច្នេះក៏មាន។បេ។

[៦] ថា ព្រះសមណគោតម ព្រះអង្គបរិភោគភត្តតែ១ពេល វៀរលែងបរិភោគក្នុងរាត្រី វៀរលែងបរិភោគក្នុងកាលខុស។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាមើលនូវរបាំ និងការស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទ្រទ្រង់ ប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។ ព្រះសមណគោតម វៀរស្រឡះចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលមាស និងប្រាក់។

[៧] ថា ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលធញ្ញជាតឆៅ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលសាច់ឆៅ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលស្រី និងក្មេងស្រី។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលខ្ញុំស្រី និងខ្ញុំប្រុស។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលពពែ និងចៀម។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលមាន់ និងជ្រូក។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលដំរី គោ សេះ ឈ្មោលញី។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលស្រែ និងចំការ។

[៨] ព្រះសមណគោតម វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេបញ្ជូន អំពីផ្ទះ១ ទៅផ្ទះ១។ ព្រះសមណគោតម វៀរស្រឡះចាកការទិញ និងការលក់។ ព្រះសមណគោតម វៀរស្រឡះចាកការឆបោក ឬបន្លំ ដោយជញ្ជីង និងឆបោក ដោយភាជន៍មាស ឆបោកដោយរង្វាស់រង្វាល់ [ការឆបោក ឬបន្លំដោយជញ្ជីង មាន៤យ៉ាង គឺបន្លំដោយរូប១ បន្លំដោយអវយវៈ១ បន្លំដោយការកាន់យក១ បន្លំដោយការបិទបាំង១។ អធិប្បាយ បុគ្គលធ្វើជញ្ជីងពីរ មានរូបប៉ុនគ្នា ដូចគ្នា តែធ្ងន់ស្រាលជាងគ្នា វេលាទិញ ប្រើជញ្ជីងធ្ងន់ វេលាលក់ ប្រើជញ្ជីងស្រាល ហៅថា បន្លំដោយរូប គឺរូបជញ្ជីង។ វេលាទិញ ថ្លឹងរបស់ យកដៃសង្កត់ជញ្ជីងពីខាងក្រោយ វេលាលក់ យកដៃសង្កត់ជញ្ជីងពីខាងមុខ ហៅថា បន្លំដោយអវយវៈ។ វេលាទិញ ថ្លឹងរបស់ កាន់ខ្សែជញ្ជីងខាងគល់ដង វេលាលក់ កាន់ខ្សែខាងចុងដង ហៅថា បន្លំដោយការកាន់យក។ ធ្វើដងជញ្ជីងឲ្យមានប្រហោងខាងក្នុង ហើយច្រកកំទេចដែកក្នុងប្រហោងនោះ វេលាទិញ ធ្វើឲ្យដែករត់មកខាងក្រោយ វេលាលក់ ធ្វើឲ្យដែករត់មកខាងមុខ ហៅថា បន្លំដោយការបិទបាំង។ ធ្វើភាជន៍ដោយមាសសុទ្ធតែ១ ហើយធ្វើភាជន៍ក្រឡៃជាច្រើន ឲ្យមានពណ៌ប្រហែលគ្នា ហើយលក់យកថ្លៃស្មើគ្នានឹងមាស ហៅថា បន្លំដោយមាស។ វេលាទិញ ប្រើរង្វាល់ធំ វេលាលក់ ប្រើរង្វាល់តូច ហៅថា បន្លំដោយរង្វាល់។ វេលាបានសំណូក វាស់ដីស្រែចម្ការធំឲ្យទៅជាតូច វេលាមិនបានសំណូក វាស់ដីតូច ឲ្យទៅជាធំ ដើម្បីឲ្យចំរើនពន្ធ ឬសួយ ហៅថា បន្លំដោយរង្វាស់។] ព្រះសមណគោតម វៀរស្រឡះចាកកិរិយាប្រកបនូវអំពើវៀច គឺការបង្ខុសបំភាន់ បញ្ឆោត បោកប្រាស បន្លំដោយរបស់ប្លម។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាកាត់ (នូវអវៈយវៈ មានដៃជាដើម) និងការសម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក កំហែងយកទ្រព្យ។ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។
ចប់ ចូឡសីល

[៩] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស។ ពីជគាម និងភូតគាមនោះ តើដូចម្តេចខ្លះ។ គឺ ពូជគឺមើម ឬឫស១ ពូជគឺដើម១ ពូជគឺថ្នាំង១ ពូជគឺចុង ឬត្រួយ១ ពូជគឺគ្រាប់១ ជាគំរប់៥។ ព្រះសមណគោតម ទ្រង់វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១០] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពយ៉ាងនេះ។ ការសន្សំទុកនោះ តើដូចម្តេចខ្លះ។ គឺការសន្សំគ្រឿងស៊ីខ្លះ សន្សំទឹកផឹកខ្លះ សន្សំសំពត់ខ្លះ សន្សំយានខ្លះ សន្សំទីដេកខ្លះ សន្សំគ្រឿងលាបខ្លះ សន្សំគ្រឿងក្រអូបខ្លះ សន្សំអាមិសខ្លះ។ ព្រះសមណគោតម ទ្រង់វៀរស្រឡះចាកការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវការស្តាប់ និងការមើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ។ ឯល្បែងដែលជាសត្រូវ ដល់កុសលធម៌នោះ តើដូចម្តេច។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងស្តេចភារត និងព្រះរាមជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង៤ខ្លះ រូបគំនូរខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែងលាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ កែះជល់គ្នាខ្លះ មាន់ជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ទីសម្រាប់ច្បាំងគ្នាខ្លះ ទីសម្រាប់រៀបពលខ្លះ លំនៅកងទ័ពខ្លះ ទីមើលសេនាប្រកបដោយអង្គ៤ខ្លះ [សេនាដំរី១ សេនាសេះ១ សេនារទេះ១ សេនាថ្មើជើង១។]។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកកិរិយាស្តាប់ និងការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១២] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ។ គឺបាស្កាមានក្រឡា៨ខ្លះ បាស្កាមានក្រឡា១០ខ្លះ បាស្កាដែលលេងឰដ៏អាកាសខ្លះ ល្បែងវាងផ្លូវដែលគួរវាងខ្លះ ល្បែងផ្ទាត់គ្រាប់ មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កាក្នុងទីលានសម្រាប់លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែងរលាស់ទឹក លាក់ឲ្យទាយរូបខ្លះ ល្បែងអង្គញ់ខ្លះ ល្បែងប៉ីស្លឹកខ្លះ ល្បែងនង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែងកង្ហារខ្លះ ល្បែងវាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែងរថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ ល្បែងទាយចិត្ត (ស្តេចចង់)ខ្លះ ល្បែងកំប្លែងត្រាប់គេខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកកិរិយាប្រកបរឿយៗ នូវល្បែងបាស្កា ដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១៣] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវឧច្ចាសយនមហាសយនៈ (ទីដេកទីអង្គុយដ៏ខ្ពស់ និងទីដេកទីអង្គុយដ៏ប្រសើរ) មានសភាពយ៉ាងនេះ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេចខ្លះ។ គឺអាសនៈដែលខ្ពស់ហួសប្រមាណខ្លះ គ្រែដែលមានជើងវិចិត្រដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាងបួនធ្នាប់ខ្លះ កម្រាលដែលគេធ្វើដោយរោមវិចិត្រ ដោយរូបសត្វសាហាវខ្លះ កម្រាលមានពណ៌ស ដែលគេធ្វើដោយរោមសត្វខ្លះ កម្រាលដែលធ្វើដោយរោមសត្វមានផ្កាដេរដាសខ្លះ កម្រាលដែលញាត់ដោយសំឡីជាប្រក្រតីខ្លះ កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ (មានសីហៈ និងខ្លាធំជាដើម)ខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាងខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងទាំងសងខាងខ្លះ កម្រាលដែលធ្វើដោយឌិនខ្សែសយមាស និងសូត្រចាក់ស្រែះដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាលដែលធ្វើដោយសរសៃសូត្រ ចាក់ស្រែះដោយរតនៈខ្លះ កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបានខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងដំរីខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់ក្រាលលើរថខ្លះ កម្រាលដែលគេធ្វើដោយស្បែកខ្លាខ្លះ កម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្មុសខ្លះ ទីដេកដែលមានពិតានក្រហមពីខាងលើខ្លះ ខ្នើយមានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន មានពណ៌ក្រហមខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១៤] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពយ៉ាងនេះ។ វត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយនោះ តើដូចម្តេច។ គឺការដុសខាត់បំបាត់ក្លិនអាក្រក់ [អដ្ឋកថា ថា ដុសខាត់ ឬប្រស់ព្រំដោយវត្ថុ មានគ្រឿងក្រអូប និងលំអិតជាដើម ដើម្បីបន្ទោបង់នូវក្លិនអាក្រក់ក្នុងសរីរៈ។] ខ្លះ ការច្របាច់រឺត [ដូចយ៉ាងទារកដែលមានបុណ្យ គេយកមកផ្តេកលើភ្លៅ លាបប្រេង ហើយច្របាច់រឺត ដើម្បីធ្វើទ្រង់ទ្រាយនៃអវយវៈ មានដៃជើងជាដើម ឲ្យសមរម្យល្អ។]ខ្លះ ការផ្ងូតទឹកខ្លះ ការគក់ច្របាច់ [ការវាយដៃជើងដោយវត្ថុមានអន្លូងជាដើម ធ្វើឲ្យដៃជើងចំរើនមាំមួន ដូចជាអ្នកចំបាប់។ តែក្នុងមង្គលត្ថទីបនីថា ការដកទាញដៃជើងជាដើម ដើម្បីបន្ទោបង់នូវរោគចុកសៀត។] ខ្លះ កញ្ចក់ខ្លះ វត្ថុសម្រាប់លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រងខ្លះ គ្រឿងលាបខ្លះ គ្រឿងលំអិតសម្រាប់ប្រស់មុខខ្លះ វត្ថុសម្រាប់លាបមុខខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណងផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែកជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខខ្លះ (ស្នៀតសក់) កែវមណីខ្លះ ផ្លិតធ្វើពីរោមកន្ទុយសត្វខ្លះ សំពត់សខ្លះ សំពត់មានជាយវែងខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១៥] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវតិរច្ឆានកថា (ពាក្យនិយាយទទឹងផ្លូវសួគ៌ នឹងផ្លូវព្រះនិព្វាន) មានសភាពយ៉ាងនេះ។ តិរច្ឆានកថានោះ តើដូចម្តេច។ គឺនិយាយអំពីស្តេចខ្លះ និយាយអំពីចោរខ្លះ និយាយអំពីអាមាត្រធំខ្លះ និយាយអំពីសេនាទាហានខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយអំពីបាយម្ហូបចំណីខ្លះ និយាយអំពីទឹកផឹកខ្លះ និយាយអំពីសំពត់ខ្លះ និយាយអំពីទីដេកខ្លះ និយាយអំពីផ្កាកម្រងខ្លះ និយាយអំពីគ្រឿងក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយអំពីយានខ្លះ និយាយអំពីស្រុកខ្លះ និយាយអំពីនិគមខ្លះ និយាយអំពីនគរខ្លះ និយាយអំពីជនបទខ្លះ និយាយអំពីស្ត្រីខ្លះ និយាយអំពីបុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លា [ក្នុងវិន័យថា សុរាកថំ និយាយអំពីសុរា ដូច្នេះវិញ។] ខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយអំពីកំពង់ទឹកខ្លះ និយាយអំពីញាតិដែលចែកឋានទៅកាន់បរលោកហើយខ្លះ និយាយអំពីពាក្យដែលឥតប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពីលោក [អដ្ឋកថា ថា និយាយប្រារព្ធអំពីលោកថា លោកនេះអ្នកណាតាក់តែង អ្នកឯណោះតាក់តែង មួយទៀត ក្អែកស ៗពិតមែន ព្រោះឆ្អឹងវា ស កុករនាលក្រហម ៗពិតមែន ព្រោះឈាមវាក្រហម ដូច្នេះជាដើម។]ខ្លះ និយាយអំពីរឿងជីកសមុទ្រ [និយាយថា សមុទ្រហេតុអ្វីបានហៅថា សាគរ បានជាហៅដូច្នោះ ព្រោះ សាគរ ទេវតាបានជីក ជាដើម។]ខ្លះ និយាយអំពីសេចក្តីចំរើន និងមិនចំរើន [មើលនយលក្ខណៈសិក្ខាបទទី៣ នៃរតនវគ្គ ក្នុងមហាវិភង្គ ចតុត្ថភាគ។]ខ្លះ ដែលជាហេតុឥតប្រយោជន៍ ដូច្នេះខ្លះ ដូច្នោះខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកតិរច្ឆានកថា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១៦] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវពាក្យប្រណាំងប្រជែង មានសភាពយ៉ាងនេះ។ ពាក្យប្រណាំងប្រជែងនោះ តើដូចម្តេច។ គឺនិយាយថា អ្នកមិនមែនចេះដឹងធម៌ និងវិន័យនេះទេ ខ្ញុំទើបបានចេះដឹងធម៌ និងវិន័យនេះ។ អ្នកនឹងបានឈ្មោះថា ចេះដឹងធម៌វិន័យនេះដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបជាអ្នកប្រតិបត្តិត្រឹមត្រូវ។ ពាក្យរបស់ខ្ញុំ ទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយប្រយោជន៍ទេ។ សំដីដែលគេត្រូវនិយាយមុន អ្នកយកមកនិយាយក្រោយវិញ។ សំដីដែលគេត្រូវនិយាយក្រោយ អ្នកយកមកនិយាយមុនវិញ។ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ [អដ្ឋកថាថា ពាក្យណាដែលស្ទាត់ល្អ ដោយអ្នកប្រព្រឹត្តមកជាយូរអង្វែង ពាក្យនោះខុសទាស់ ផ្ទុយនឹងពាក្យយើងតែ១ម៉ាត់ អ្នកមិនដឹងឡើយ។]។ ទោសក្នុងសំដីរបស់អ្នក ខ្ញុំបានលើកឡើងហើយ។ អ្នកជាមនុស្ស ត្រូវខ្ញុំសង្កត់សង្កិនបានហើយ។ អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរអ្នកដោះស្រាយឲ្យរួចទោសចុះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយ ចាកពាក្យពោលប្រណាំងប្រជែង មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១៧] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពយ៉ាងនេះ។ ទូតកម្មនោះ តើដូចម្តេច។ គឺទៅដោយពាក្យប្រើរបស់ស្តេច ពួកអាមាត្រធំនៃស្តេច ពួកក្សត្រិយ៍ ពួកព្រាហ្មណ៍ ពួកគហបតិ ឬពួកកុមារថា លោកចូរទៅក្នុងទីនេះ លោកចូរទៅក្នុងទីឯណោះ លោកចូរនាំយករបស់នេះទៅ លោកចូរនាំយករបស់នេះ ពីទីឯណោះមក។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១៨] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកកុហក គឺញុំាងគេឲ្យភាន់ច្រឡំ (ឲ្យជ្រះថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម)ខ្លះ ជាអ្នកពោលពាក្យរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នកធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀងខ្លះ ជាអ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរកលាភ ដោយលាភខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយចាកការកុហក និងពាក្យរាក់ទាក់ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។
ចប់ មជ្ឈិមសីល។

[១៩] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការទាយអវយវៈខ្លះ ទាយនិមិត្ត (ហេតុ)ខ្លះ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សប្តិខ្លះ ទាយលក្ខណៈខ្លះ ទាយវត្ថុមានសំពត់ជាដើម ដែលកណ្តុរកាត់ខ្លះ និយាយអំពីការបូជាដោយភ្លើងខ្លះ និយាយអំពីការបូជាដោយវែក [ប្រែថាបង្វិលពពិលក៏បាន។]ខ្លះ និយាយអំពីការបូជាដោយអង្កាមខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជាដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយអំពីការបូជាដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ [អដ្ឋកថា ថា យកមាត់ខាំវត្ថុមានគ្រាប់ស្ពៃជាដើម យកទៅដាក់ក្នុងភ្លើង ឬសូត្ររបៀនបូជាដោយមាត់។]ខ្លះ និយាយអំពីការបូជាដោយឈាមខ្លះ វិជ្ជាសម្រាប់ទាយអវយវៈខ្លះ វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខ ឲ្យសុខ)ខ្លះ វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ វិជ្ជាស្គាល់ព្រៃខ្មោច [វិជ្ជាសម្រាប់រម្ងាប់ចង្រៃ ដែលចូលទៅក្នុងព្រៃស្មសាន ហើយចេញមកវិញ។]ខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ វិជ្ជាស្តោះពស់ [វិជ្ជាមើលសត្វ ដែលពស់ខាំ ឬមន្តហៅពស់។]ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយទិចខ្លះ វិជ្ជាស្តោះកណ្តុរខាំខ្លះ វិជ្ជាសម្រាប់ទាយសម្រែកសត្វស្លាប [វិជ្ជាសម្រាប់ទាយនូវសម្រែក និងគតិជាដើម របស់សត្វស្លាប ឬសត្វឥតស្លាប និងសត្វជើង២ ជើង៤។] ខ្លះ វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់ទាយអាយុខ្លះ វិជ្ជាសម្រាប់រារាំងសរខ្លះ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគ គឺសត្វជើង៤ទាំងអស់ខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២០] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការទាយលក្ខណៈកែវមណីខ្លះ ទាយលក្ខណៈដំបង ឬឈើច្រត់ខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈសស្ត្រាខ្លះ ទាយលក្ខណៈដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈប្រុសខ្លះ ទាយលក្ខណៈក្មេងប្រុសខ្លះ ទាយលក្ខណៈក្មេងស្រីខ្លះ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយលក្ខណៈដំរីខ្លះ ទាយលក្ខណៈសេះខ្លះ ទាយលក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយលក្ខណៈគោខ្លះ ទាយលក្ខណៈពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួចខ្លះ ទាយលក្ខណៈទន្សង [អដ្ឋកថា ថា វិជ្ជាស្គាល់លក្ខណៈរូបគំនូរ និងគ្រឿងប្រដាប់ជាដើម ដែលគេធ្វើជារូបទន្សង។]ខ្លះ ទាយលក្ខណៈគ្រឿងប្រដាប់ ឬកំពូលផ្ទះ [ប្រែថា ទាយលក្ខណៈនៃសត្វពួកមួយ ដែលហៅថា កណ្ណិកាក៏បាន។]ខ្លះ ទាយលក្ខណៈអណ្តើក [វិជ្ជាស្គាល់លក្ខណៈរូបគំនូរ និងគ្រឿងប្រដាប់ជាដើម ដែលគេធ្វើជារូបអណ្តើក។]ខ្លះ ទាយលក្ខណៈម្រឹគខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺទាយការលើកទ័ពថា ព្រះរាជា គួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ)។ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ)។ ព្រះរាជាខាងក្នុង នឹងរុករានចូលទៅ។ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ។ ព្រះរាជាខាងក្រៅ នឹងរុករានចូលមក។ ព្រះរាជាខាងក្នុង នឹងថយចេញទៅ។ ព្រះរាជាខាងក្នុង នឹងមានជ័យជំនះ។ ព្រះរាជាខាងក្រៅ នឹងបរាជ័យ។ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ។ ព្រះរាជាខាងក្នុង នឹងបរាជ័យ។ ព្រះរាជាអង្គនេះ នឹងមានជ័យជំនះ ឯព្រះរាជាអង្គនេះ នឹងបរាជ័យ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២២] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាស។ នឹងមានសូរ្យគ្រាស។ នឹងមាននក្សត្រគ្រាស គឺផ្កាយព្រះគ្រោះ ដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យ ព្រះចន្ទ្រ ឬផ្កាយណាមួយ។ ព្រះចន្ទ្រព្រះអាទិត្យ នឹងដើរតាមផ្លូវត្រូវគ្នា។ ព្រះចន្ទ្រព្រះអាទិត្យ នឹងដើរខុសផ្លូវគ្នា។ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា។ ផ្កាយទាំងឡាយ នឹងដើរខុសផ្លូវគ្នា។ នឹងមានឧក្កាបាត [ឧក្កាបាតនោះ ប្រែថា ធ្លាក់នៃពន្លឺគប់ភ្លើង សេចក្តីថា កាលបើអាកាសមានខ្យល់ទង្គិចគ្នាខ្លាំង ក៏កើតមានពន្លឺរស្មីដូចជាពន្លឺប្រទីប ធ្លាក់ចុះមកអំពីអាកាស តាមលោកវោហារ ហៅថា ឧក្កាបាត។ (លីនត្ថប្បកាសនាដីកា)។ បុរាណ ហៅថា កេតុដំដួល សំស្ក្រឹតថា ឧក្ងាបាត។]។ នឹងកើតមានកំដៅក្នុងទិស។ នឹងមានកម្រើកផែនដី។ នឹងមានផ្គរលាន់ (ឥតមានភ្លៀង)។ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយ នឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់។ ចន្ទ្រគ្រាស នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក)។ សូរ្យគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក)។ នក្សត្រគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ព្រះចន្ទ្រ និងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ព្រះចន្ទ្រ និងព្រះអាទិត្យដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ពួកផ្កាយដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ឧក្កាបាត នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ កំដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ផ្គរលាន់ (ឥតមានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ព្រះចន្ទ្រ ព្រះអាទិត្យ និងផ្កាយរះឡើង ឬអស្តង្គតទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២៣] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល។ នឹងមានភ្លៀងធ្លាក់មិនស្រួល។ នឹងមានបាយសម្បូណ៌។ នឹងមានបាយក្រ។ នឹងមានសេចក្តីក្សេមក្សាន្ត។ នឹងមានភ័យ។ នឹងមានរោគ។ នឹងមិនមានរោគ។ ការរាប់ដោយដៃទទេ ការរាប់ដោយវិធីនព្វន្ត រាប់បូក [អដ្ឋកថា ថា ការរាប់នោះ បើស្ទាត់ដល់បុគ្គលណា បុគ្គលនោះ កាលបើឃើញដើមឈើ ក៏អាចនឹងដឹងថា ឈើនេះមានស្លឹកប៉ុណ្ណេះប៉ុណ្ណោះបាន។] កាព្យឃ្លោង គម្ពីរលោកាយតៈ [គម្ពីរនិយាយថា លោកនេះ អ្នកណាសាង អ្នកឯណោះសាង បានជាហៅថា ក្អែកស ព្រោះឆ្អឹងវា ស បានជាហៅថា កុកក្រហម ព្រោះឈាមវាក្រហម ដូច្នេះជាដើម។]។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២៤] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺវិធីរៀបអាវាហមង្គលខ្លះ [អដ្ឋកថា ថា មាតាបិតាខាងប្រុស នាំយកនាងទារិកាអំពីត្រកូលដទៃ មករៀបការឯផ្ទះរបស់ខ្លួន ហៅថា អាវាហមង្គល។] វិធីរៀបវិវាហមង្គលខ្លះ [មាតាបិតាខាងស្រី រៀបចំបញ្ជូនកូនស្រីខ្លួន ឲ្យទៅកាន់ត្រកូលប្តី ហៅថា វិវាហមង្គល។ មានន័យផ្សេងទៀតថា បើស្រីមកការឯផ្ទះប្រុស ហៅថា អាវាហៈ បើប្រុសទៅការឯផ្ទះស្រី ហៅថា វិវាហៈ។] វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍)ខ្លះ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង)ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ វិធីធ្វើឲ្យស្អប់គ្នាខ្លះ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ វិធីចងចង្កាឲ្យរឹងខ្លះ វិធីសូត្ររបៀន ដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ [បុគ្គលសូត្ររបៀននោះក្នុងសាលាក្តី ចង់និយាយពាក្យណា ក៏និយាយពាក្យនោះទៅ អ្នកគូក្តីម្ខាងស្តាប់មិនឮ ក៏មិនអាចនឹងនិយាយឆ្លើយឆ្លងបាន។] ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតា ក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើមហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២៥] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការបន់ស្រន់ខ្លះ លាបំណន់ខ្លះ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ ធ្វើប្រុសឲ្យដូចជាខ្ទើយ [អដ្ឋកថា ថា ធ្វើដូច្នោះ ដើម្បីមិនឲ្យស្រីស្រឡាញ់ចូលចិត្ត មិនមែនធ្វើឲ្យភេទក្លាយទេ។] គឺក្រៀវខ្លះ ធ្វើពីធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ជំរះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជាភ្លើងឲ្យគេខ្លះ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ ផ្សំថ្នាំបញ្ចុះខ្លះ ផ្សំថ្នាំកំចាត់បង់នូវទោសខាងលើខ្លះ ផ្សំថ្នាំកំចាត់បង់នូវទោសខាងក្រោមខ្លះ ផ្សំថ្នាំកំចាត់បង់នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ ផ្សំថ្នាំសម្រាប់ហិតខ្លះ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ធ្វើកម្មរបស់ពេទ្យខ្លះ ធ្វើពេទ្យរក្សាកូនក្មេងខ្លះ ដាក់ថ្នាំក្រោយឲ្យជួយកំឡាំងថ្នាំមុនខ្លះ លាងថ្នាំដើមចេញ [អដ្ឋកថា ថា កាលបើមានដម្បៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដម្បៅនោះ កាលបើដម្បៅស្រួលសមគួរហើយ ក៏នាំយកថ្នាំនោះចេញ។]ខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលសរសើរ ដោយគុណជាតណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីលប៉ុណ្ណេះ។
ចប់ មហាសីល។

[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយអាចសំដែងបាននូវធម៌ទាំងឡាយណា ពួកជន កាលនិយាយសរសើរគុណ របស់តថាគតតាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនោះ ជាធម៌ជ្រាលជ្រៅដទៃអំពីសីលទាំង៣នោះ បុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយអាចសំដែងបាននូវធម៌ទាំងឡាយណា ពួកជន កាលនិយាយសរសើរគុណ របស់តថាគតតាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនោះ ជាធម៌ជ្រាលជ្រៅ បុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន តើដូចម្តេចខ្លះ។

[២៧] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកកំណត់នូវចំណែកនៃខន្ធខាងដើម មានសេចក្តីឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម ហើយពោលនូវចំណែកនៃទិដ្ឋិទាំងឡាយច្រើនបែប ដោយហេតុ១៨។ ចុះពួកសមណព្រាហ្មណ៏ដ៏ចំរើនទាំងនោះ ដែលជាអ្នកកំណត់នូវចំណែកនៃខន្ធខាងដើម មានសេចក្តីឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម ហើយពោលនូវចំណែកនៃទិដ្ឋិទាំងឡាយច្រើនបែប ដោយហេតុ១៨ ព្រោះអាស្រ័យនូវអ្វី ព្រោះប្រារព្ធនូវអ្វី។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាសស្សតវាទ (អ្នកពោលប្រកាន់ថាទៀង) តែងបញ្ញត្តនូវខ្លួន និងលោកថាទៀង ដោយហេតុ៤យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង ដោយហេតុ៤យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវការមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួន (បរិសុទ្ធផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស) ហើយ ក៏រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន។ ការរលឹកបាននោះ ដូចម្តេច។ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ រលឹកបានច្រើនរយជាតិខ្លះ ច្រើនពាន់ជាតិខ្លះ ច្រើនសែនជាតិខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង។ បុគ្គលនោះ ពោលយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនឲ្យផលជាពូជតទៅ [អដ្ឋកថា ថា បុគ្គលនោះពោលឃាត់ផលនៃគុណធម៌ មានឈានជាដើម ដែលញុំាងសត្វឲ្យទៅកើតក្នុងភព មានរូបភពជាដើម ថា មិនមានដូច្នោះឡើយ គឺថាមិនមានផលជាពូជតទៅ ប្រៀបដូចសត្វចិញ្ចឹម ដែលអា គ្មានកូន ឬដើមត្នោតដែលគ្មានផ្លែជាដើម។] (អា) តាំងនៅនឹងថ្កល់ ដូចជាកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ដូចជាសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ [ផែនដី ភ្នំ សិនេរុ ព្រះចន្ទ្រ និងព្រះអាទិត្យ ហៅថា សស្សតិវត្ថុ ប្រែថា វត្ថុទៀង។] ក៏មានជាប្រាកដ។ រឿងនោះ ព្រោះហេតុដូចម្តេច។ ព្រោះថា អាត្មាអញ អាស្រ័យនូវការព្យាយាមជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន។ ការរលឹកបាននោះ ដូចម្តេច។ គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកឃើញច្រើនរយជាតិ ច្រើនពាន់ជាតិ ច្រើនសែនជាតិក៏បាន ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ អាត្មាអញ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង។ ព្រោះគុណវិសេសនេះ អាត្មាអញ ក៏បានដឹងនូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុននុ៎ះ ខ្លួន និងលោកជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ (អា) តាំងនៅនឹងថ្កល់ ដូចជាកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចជាសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាសស្សតវាទ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថាទៀង។

[២៨] ក្នុងហេតុទី២ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន។ ការរលឹកខន្ធបាននោះ ដូចម្តេច។ គឺរលឹកបាន១សំវដ្តវិវដ្តកប្ប [កប្បដែលវិនាស ហៅថា សំវដ្តកប្ប កប្បដែលតាំងឡើង ហៅថា វិវដ្តកប្ប។]ខ្លះ ២សំវដ្តវិវដ្តកប្បខ្លះ ៣សំវដ្តវិវដ្តកប្បខ្លះ ៤សំវដ្តវិវដ្តកប្បខ្លះ ៥សំវដ្តវិវដ្តកប្បខ្លះ ១០សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ បុគ្គលនោះ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង។ បុគ្គលនោះ ពោលយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ (អា) តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានជាប្រាកដ។ រឿងនោះ ព្រោះហេតុដូចម្តេច។ ព្រោះថា អាត្មាអញ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ រលឹកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ។ ការរលឹកខន្ធបាននោះ ដូចម្តេច។ គឺរលឹកបាន១សំវដ្តវិវដ្តកប្បខ្លះ ២សំវដ្តវិវដ្តកប្បខ្លះ ៣សំវដ្តវិវដ្តកប្បខ្លះ ៤សំវដ្តវិវដ្តកប្បខ្លះ ៥សំវដ្តវិវដ្តកប្បខ្លះ ១០សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ អាត្មាអញ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង។ ព្រោះគុណវិសេសនេះ អាត្មាអញ ក៏បានដឹងនូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុននុ៎ះ ខ្លួន និងលោក ជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី២ ដែលសមណព្រាហ្មណ៍ពួកមួយ ជាសស្សតវាទ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថាទៀង។

[២៩] ក្នុងហេតុទី៣ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន។ ការរលឹកនូវខន្ធនោះ ដូចម្តេច។ គឺរលឹកបាន១០សំវដ្តវិវដ្តកប្បខ្លះ ២០សំវដ្តវិវដ្តកប្បខ្លះ ៣០សំវដ្តវិវដ្តកប្បខ្លះ ៤០សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ កាលដែលទៅកើតក្នុងភពនោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ បុគ្គលនោះ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង។ បុគ្គលនោះ ក៏ពោលយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ព្រោះថា អាត្មាអញ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន។ ការរលឹកខន្ធបាននោះ ដូចម្តេច។ គឺរលឹកបាន១០សំវដ្តវិវដ្តកប្បខ្លះ ២០សំវដ្តវិវដ្តកប្បខ្លះ ៣០សំវដ្តវិវដ្តកប្បខ្លះ ៤០សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ កាលដែលកើតក្នុងភពនោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ អាត្មាអញ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង។ ព្រោះគុណវិសេសនេះ អាត្មាអញ ក៏បានដឹងនូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុននុ៎ះ ខ្លួន និងលោក ជាសភាវៈទៀង ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៣ ដែលសមណព្រាហ្មណ៍ពួកមួយ ជាសស្សតវាទ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថាទៀង។

[៣០] ក្នុងហេតុទី៤ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង ព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី បុគ្គលនោះ ពោលនូវពាក្យដែលខ្លួនស្រាវជ្រាវ បានមកដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមាន ដោយប្រាជ្ញា របស់ខ្លួនយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀង ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៤ ដែលសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាសស្សតវាទ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថាទៀង។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង ដោយហេតុ៤ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា សមណព្រាហ្មណ៍ទាំងឡាយឯណានីមួយ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង សមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុទាំង៤នេះឯង ឬក៏បណ្តាហេតុទាំង៤នោះ ដោយហេតុណាមួយ មិនមែនមានហេតុដទៃក្រៅពីហេតុទាំង៤នេះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹងច្បាស់នូវហេតុទាំង៤ប្រការនោះ ដូច្នេះថា ហេតុនៃទិដ្ឋិទាំងឡាយនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ដែលបុគ្គលប្រកាន់ខុសយ៉ាងនេះ រមែងមានគតិយ៉ាងនេះ មានការប្រព្រឹត្តទៅក្នុងបរលោកយ៉ាងនេះ។ ព្រះតថាគតដឹងច្បាស់នូវទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ជាគុណជាតលើសលុបជាងនោះទៅទៀតផង កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ៗក៏មិនបានប្រកាន់ខុសឡើយ។ មួយទៀត កាលបើព្រះតថាគតមិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់នៃបរាមាសក្កិលេសដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុដែលនាំឲ្យកើតឡើងនៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសាររបស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយារលាស់ចោល នូវវេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតផុតស្រឡះហើយចាកកិលេស ព្រោះមិនប្រកាន់ (នូវធម៌ណាមួយ មានខន្ធជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយអាចនឹងសំដែងបាន នូវធម៌ទាំងឡាយណា មួយវិញទៀត ពួកជន កាលនិយាយសរសើរគុណរបស់តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនោះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន។
ចប់ បឋមភាណវារៈ។

 [៣១] ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ គឺយល់ថា លោកពួកខ្លះទៀង លោកពួកខ្លះមិនទៀង បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ ថាមិនទៀងខ្លះ ដោយហេតុ៤យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ហើយបញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ ថាមិនទៀងខ្លះ ដោយហេតុ៤យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលលោកនេះ វិនាសទៅម្តងៗ ដោយអំណឹះនៃកាលជាអង្វែងទៅ។ កាលដែលលោកវិនាសទៅ ពួកសត្វច្រើនតែទៅកើតក្នុងអាភស្សរព្រហ្ម។ ពួកសត្វដែលទៅកើតក្នុងអាភស្សរព្រហ្មនោះ ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅយូរអស់កាលជាអង្វែង [ក្នុងអដ្ឋកថា ប្រាប់ថា អស់៨កប្បយ៉ាងច្រើន។]។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលលោកនេះត្រូវកើតឡើងវិញម្តងៗ ដោយអំណឹះនៃកាលជាអង្វែងទៅ។ កាលដែលលោកកើតឡើង វិមាននៃព្រហ្មដែលសូន្យគ្មានសត្វ ក៏កើតប្រាកដឡើងដែរ។ គ្រានោះ មានសត្វម្នាក់ច្យុតចាកពួកអាភស្សរព្រហ្ម ព្រោះអស់អាយុ ឬអស់បុណ្យ ហើយទៅកើតក្នុងវិមាននៃព្រហ្មដែលទំនេរនោះ។ លុះសត្វនោះបានកើតក្នុងវិមាននោះ ក៏ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅយូរអស់កាលជាអង្វែង [អដ្ឋកថាប្រាប់ថា ឋិតនៅអស់១កប្ប ឬកន្លះកប្ប។] ដដែល។ សត្វម្នាក់នោះ ដែលទៅកើតក្នុងវិមាននោះ ព្រោះនៅអស់កាលយូរអង្វែង ក៏មានសេចក្តីអផ្សុក អន្ទះអន្ទែងកើតឡើង ថា ដូចម្តេចហ្ន៎ នឹងបានសត្វទាំងឡាយឯទៀត មកកាន់អត្តភាព ជាព្រហ្មបែបនេះផង។ លំដាប់នោះ សត្វទាំងឡាយឯទៀត ច្យុតចាកពួកអាភស្សរព្រហ្ម ព្រោះអស់អាយុ ឬអស់បុណ្យ ហើយមកកើតក្នុងព្រហ្មវិមាន ជាមួយគ្នានឹងសត្វនោះ។ ឯសត្វទាំងនោះ លុះកើតក្នុងព្រហ្មវិមាននោះហើយ ក៏ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅយូរ អស់កាលជាអង្វែង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសត្វទាំងនោះ សត្វណាបានទៅកើតជាដំបូង សត្វនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់លើព្រហ្មឯទៀតៗ ព្រហ្មឯទៀត មិនអាចគ្របសង្កត់លើអាត្មាអញបាន អាត្មាអញ ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួងឲ្យលុះនៅក្នុងអំណាចខ្លួនជាធំ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចំបងជាងសត្វលោក ជាអ្នកបញ្ញត្តលោក [អ្នកឲ្យឈ្មោះសត្វលោកថា ក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិតជាដើម។] ជាអ្នកស្ទាត់ជំនាញ ជាបិតានៃពួកភូត និងពួកភព្យៈ [អដ្ឋកថា ថា អណ្ឌជសត្វ និងជលាម្ពុជសត្វ ដែលនៅក្នុងស្រោមស៊ុត ឬស្រោមគភ៌ ហៅថា ភព្យៈ ដែលកើតចេញមកហើយ ហៅថា ភូត។ ចំណែកសំសេទជសត្វ ដែលកើតក្នុងខណចិត្ត ជាបឋម ហៅថា ភព្យៈ តាំងពីខណៈចិត្ត ជាគំរប់ពីរទៅ ហៅថា ភូត។ ឯឧបបាតិកសត្វវិញ ដែលកើតក្នុងឥរិយាបថជាបឋម ហៅថា ភព្យៈ តាំងអំពីឥរិយាបថជាគំរប់ពីរទៅ ហៅថា ភូត។] សត្វទាំងនេះ សុទ្ធតែអាត្មាអញ តាក់តែងហើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ ព្រោះថា អាត្មាអញ មានសេចក្តីត្រិះរិះ ក្នុងកាលពីដើមមក ដូច្នេះថា ធ្វើដូចម្តេចហ្ន៎ បានពួកសត្វឯទៀតមកកាន់អត្តភាព ជាព្រហ្មបែបអញនេះផង។ ក៏ពួកសត្វទាំងនេះ មកកាន់អត្តភាពជាព្រហ្ម ត្រូវតាមសេចក្តីប្រាថ្នារបស់អាត្មាអញផង ដូច្នេះឯង។ សត្វទាំងឡាយណា ដែលមកកើតជាខាងក្រោយ សត្វទាំងនោះឯង ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រហ្មដ៏ចំរើននេះ ជាមហាព្រហ្ម គ្របសង្កត់លើព្រហ្មឯទៀត ព្រហ្មឯទៀត មិនអាចនឹងគ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះនៅក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចំបងជាងសត្វលោក ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់ជំនាញ ជាបិតានៃពួកភូត និងពួកភព្យៈ យើងទាំងឡាយ ដែលព្រហ្មដ៏ចំរើននេះបានតាក់តែងហើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ ព្រោះថា យើងទាំងឡាយ បានឃើញព្រហ្មនេះ មកកើតក្នុងទីនេះមុន ឯយើងទាំងឡាយ មកកើតខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសត្វទាំងនោះ សត្វណាបានទៅកើតមុនគេ សត្វនោះឯង មានអាយុវែងជាងគេផង មានសម្បុរល្អជាងគេផង មានយសសក្តិធំជាងគេផង។ ចំណែកខាងសត្វទាំងឡាយណា ដែលទៅកើតខាងក្រោយគេ សត្វទាំងនោះ មានអាយុតិចជាងគេផង មានសម្បុរអន់ជាងគេផង មានយសសក្តិតូចជាងគេផង។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានជាប្រាកដ ត្រង់ពាក្យថា សត្វណាមួយ ច្យុតចាកពួកព្រហ្មនោះ ហើយមកកាន់អត្តភាពជាមនុស្ស លុះបានមកកាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យនូវការព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន កំណត់ត្រឹមតែអត្តភាពជាព្រហ្មនោះ មិនអាចរលឹកបាននូវខន្ធហួសអំពីនោះទៅទៀតឡើយ។ សត្វនោះឯង និយាយយ៉ាងនេះថា ព្រហ្មដ៏ចំរើនណា ជាមហាព្រហ្ម គ្របសង្កត់ (លើព្រហ្មឯទៀត) ព្រហ្មឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចំបង (ជាងសត្វលោក) ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់ជំនាញ ជាបិតាពួកភូត និងពួកភព្យៈ យើងទាំងឡាយ ដែលព្រហ្មដ៏ចំរើនណា បានតាក់តែងហើយ ព្រហ្មនោះឯង ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិនប្រែប្រួល ទាំងឋិតនៅស្មើដោយសស្សតិវត្ថុ។ ឯពួកយើងដែលព្រហ្មដ៏ចំរើននោះ បានតាក់តែងហើយ យើងទាំងឡាយនោះ ជាអ្នកមិនទៀងទាត់ទេ មានអាយុខ្លី មានកិរិយាច្យុតិទៅវិញជាធម្មតា ទើបបានមកកាន់អត្តភាពជាមនុស្សនេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថាទៀងខ្លះ មិនទៀងខ្លះ។

[៣២] ក្នុងហេតុទី២ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ មិនទៀងខ្លះ នោះតើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាឈ្មោះខិឌ្ឌាបទោសិកា (អ្នកវិនាសខ្លួនព្រោះល្បែង) ក៏មាន។ ទេវតាទាំងនោះឯង ជាអ្នកខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតាហួសវេលា។ កាលបើទេវតាទាំងនោះ កំពុងតែខ្វល់ខ្វាយក្នុងល្បែងលេងសើចច្រើន ត្រេកត្រអាលហួសវេលាហើយ ស្មារតីក៏ភ្លេចវង្វេងទៅ (ខានបរិភោគអាហារ)។ ទេវតាទាំងនោះ ក៏ច្យុតចាកពួកទេវតានោះ ព្រោះភ្លេចស្មារតី។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានពិតប្រាកដ ត្រង់ពាក្យថា សត្វណាមួយ ច្យុតចាកពួកទេវតានោះ ហើយមកកាន់អត្តភាពជាមនុស្សនេះ លុះបានមកកាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ ក៏អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន កំណត់ត្រឹមអត្តភាពជាទេវតានោះ មិនអាចនឹងរលឹកនូវខន្ធឲ្យហួសអំពីកំណត់នោះទៅទៀតបានឡើយ។ សត្វនោះឯង ក៏ពោលពាក្យយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកទេវតាណា មិនវិនាសខ្លួនព្រោះល្បែង ពួកទេវតានោះ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាឡើយ។ កាលបើពួកទេវតានោះ មិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាហើយ ស្មារតីមិនភ្លេចវង្វេងឡើយ។ ទេវតាទាំងនោះ មិនច្យុតចាកពួកទេវតានោះ ព្រោះមិនភ្លេចស្មារតី ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិនប្រែប្រួល ទាំងឋិតនៅដោយសស្សតិវត្ថុ។ ឯយើងទាំងឡាយណា ជាអ្នកវិនាសខ្លួន ព្រោះល្បែង យើងទាំងនោះ ជាអ្នកមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលា។ កាលបើយើងទាំងឡាយ មានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាហើយ ស្មារតីក៏ភ្លេចវង្វេងទៅ។ ព្រោះតែភ្លេចស្មារតីយ៉ាងនេះឯង យើងទាំងឡាយ ក៏ច្យុតចាកពួកទេវតានោះយ៉ាងនេះ ព្រោះវង្វេងស្មារតី ជាអ្នកមិនទៀងទាត់ មានអាយុក៏ខ្លី មានកិរិយាច្យុតជាធម្មតា ទើបបានមកកាន់អត្តភាពជាមនុស្សនេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី២ ដែលសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថា ទៀងខ្លះ មិនទៀងខ្លះ។

[៣៣] ក្នុងហេតុទី៣ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ មិនទៀងខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ មានពួកទេវតាឈ្មោះមនោបទោសិកា (ព្រោះចិត្តប្រទូស្ត)។ ពួកទេវតានោះ សំឡឹងរំពៃ (រកទោស)គ្នានឹងគ្នាហួសវេលា។ កាលពួកទេវតានោះ សំឡឹងរំពៃ (រកទោស)គ្នានឹងគ្នា ហួសវេលា ក៏ធ្វើចិត្តឲ្យប្រទូស្តដល់គ្នានឹងគ្នាទៀត។ ពួកទេវតានោះ លុះមានចិត្តប្រទូស្តដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត។ ទេវតាទាំងនោះ ក៏ច្យុតចាកពួកទេវតានោះមក។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានពិតប្រាកដ ត្រង់ពាក្យថា សត្វណាមួយ ច្យុតចាកពួកទេវតានោះ មកកាន់អត្តភាពជាមនុស្សនេះ លុះមកកាន់អត្តភាពជាមនុស្សនេះហើយ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន កំណត់ត្រឹមអត្តភាពជាទេវតានោះ មិនអាចនឹងរលឹកឲ្យហួសអំពីកំណត់នោះទៅទៀតបានឡើយ។ សត្វនោះ ក៏ពោលពាក្យយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកទេវតាណា មិនបានវិនាស ព្រោះចិត្តប្រទូស្ត ពួកទេវតានោះ មិនសំឡឹងរំពៃនូវគ្នានឹងគ្នាហួសវេលា។ កាលបើពួកទេវតានោះ មិនសំឡឹងរំពៃនូវគ្នានឹងគ្នាហួសវេលាហើយ ក៏មិនធ្វើចិត្តឲ្យប្រទូស្តគ្នាឡើយ។ លុះពួកទេវតានោះ មានចិត្តមិនបានប្រទូស្តគ្នានឹងគ្នាហើយ ក៏មិនលំបាកកាយ មិនលំបាកចិត្តឡើយ។ ទេវតាទាំងនោះ មិនបានច្យុតចាកពួកទេវតានោះទេ ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិនប្រែប្រួលឡើយ នឹងឋិតនៅស្មើដោយសស្សតិវត្ថុ។ ចំណែកខាងយើង ដែលជាអ្នកវិនាសខ្លួន ព្រោះចិត្តប្រទូស្ត យើងទាំងនោះ សំឡឹងរំពៃគ្នានឹងគ្នាហួសវេលា។ យើងទាំងឡាយនោះ កាលសំឡឹងរំពៃនូវគ្នានឹងគ្នាហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្តគ្នានឹងគ្នា។ លុះយើងទាំងឡាយនោះ មានចិត្តប្រទូស្តគ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត។ យើងទាំងឡាយ ដែលច្យុតចាកពួកទេវតានោះយ៉ាងនេះហើយ ជាអ្នកមិនទៀងទាត់ មានអាយុខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមកកាន់អត្តភាពជាមនុស្សនេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៣ ដែលសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថា ទៀងខ្លះ មិនទៀងខ្លះ។

[៣៤] ក្នុងហេតុទី៤ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ មិនទៀងខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី។ បុគ្គលនោះ ក៏ពោលនូវពាក្យ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមានដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា ធម្មជាតណាដែលហៅថា ភ្នែកខ្លះ ត្រចៀកខ្លះ ច្រមុះខ្លះ អណ្តាតខ្លះ កាយខ្លះ (ធម្មជាតនោះ) គឺខ្លួននេះឯង ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ តែងប្រែប្រួលជាធម្មតា។ មួយវិញទៀត ធម្មជាតណា ដែលគេហៅថា ចិត្តក្តី មនោក្តី វិញ្ញាណក្តី (ធម្មជាតនោះ) គឺខ្លួននេះឯង ជាសភាវៈទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងឋិតនៅស្មើដោយសស្សតិវត្ថុ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៤ ដែលសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថា ទៀងខ្លះ មិនទៀងខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិនោះ រមែងបញ្ញត្តនូវខ្លួន និងលោកថាទៀងខ្លះ មិនទៀងខ្លះ ដោយហេតុ៤ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោកថាទៀងខ្លះ មិនទៀងខ្លះ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ (រមែងបញ្ញត្ត) ដោយហេតុទាំង៤នេះឯង ឬក៏បណ្តាហេតុទាំង៤នោះ ដោយហេតុណាមួយ មិនមានហេតុដទៃ ក្រៅពីហេតុទាំង៤នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវហេតុទាំង៤នោះថា ហេតុនៃទិដ្ឋិទាំងនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ រមែងមានគតិយ៉ាងនេះ មានការប្រព្រឹត្តទៅក្នុងលោកខាងមុខយ៉ាងនេះ។ ព្រះតថាគត ដឹងច្បាស់នូវទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជាគុណជាតលើសលុបជាងនោះទៅទៀតផង កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ។ មួយទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ទៅនៃបរាមាសក្កិលេសដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុដែលនាំឲ្យកើតឡើងនៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសារបស់វេទនាផង នូវទោសវេទនាផង នូវកិរិយារលាស់ចោលនូវវេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតផុតស្រឡះហើយ (ចាកកិលេស) ព្រោះមិនប្រកាន់ (នូវធម៌ណាមួយ មានខន្ធជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយអាចនឹងសំដែងបាននូវធម៌ទាំងឡាយណា (មួយទៀត) ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគតតាមសេចក្តីពិត ដោយធម៌ទំាងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន។

[៣៥] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ៤យ៉ាង។ ចុះសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ៤យ៉ាង (នោះ) តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ មានសេចក្តីសំគាល់ថា លោកមានទីបំផុត។ បុគ្គលនោះ ក៏និយាយពាក្យយ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវជុំវិញ គឺមូលជុំវិញ។ ការនិយាយដូច្នេះ តើព្រោះហេតុអ្វី។ ព្រោះហេតុថា អាត្មាអញ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តីសំគាល់ថា លោកមានទីបំផុត។ លោកនេះមានទីបំផុត មានផ្លូវជុំវិញយ៉ាងណា អាត្មាអញ ក៏ដឹងនូវលោកនេះ (យ៉ាងនោះ) ព្រោះគុណវិសេសនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។

[៣៦] ក្នុងហេតុទី២ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តីសំគាល់ថា លោកមិនមានទីបំផុត។ បុគ្គលនោះឯង ក៏និយាយយ៉ាងនេះថា លោកនេះមិនមានទីបំផុត ឥតមានកំណត់ ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវជុំវិញដូច្នេះ។ ពាក្យរបស់សមណព្រាហ្មណ៍នោះឯង ជាពាក្យមុសាវាទ។ ឯលោកនេះ ប្រាកដជាមិនមានទីបំផុត ឥតមានកំណត់។ ការដែលពោលដូច្នោះ តើព្រោះហេតុអ្វី។ ព្រោះហេតុថា អាត្មាអញ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តីសំគាល់ថា លោកមិនមានទីបំផុត។ លោកនេះមិនមានទីបំផុត ឥតកំណត់យ៉ាងណា អាត្មាអញ ដឹងច្បាស់នូវលោកនេះ (យ៉ាងនោះ) ព្រោះគុណវិសេសនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី២ ដែលសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។

[៣៧] ក្នុងហេតុទី៣ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តីសំគាល់ថា លោកមានទីបំផុត ក្នុងទិសខាងលើ និងទិសខាងក្រោម មានសេចក្តីសំគាល់ថា លោកមិនមានទីបំផុត ក្នុងទិសទទឹង (ទិសទាំង៨)។ បុគ្គលនោះឯង ក៏ពោលយ៉ាងនេះថា លោកនេះមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវជុំវិញដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះ ជាពាក្យមុសាទេ។ ម្យ៉ាងទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មិនមានទីបំផុត ឥតមានកំណត់ទេ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះឯង ក៏ជាពាក្យមុសាដែរ។ ឯលោកនេះ ប្រាកដជា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។ ការនិយាយដូច្នោះ តើព្រោះហេតុអ្វី។ ព្រោះហេតុថា អាត្មាអញ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តីសំគាល់ថា លោកមានទីបំផុត ក្នុងទិសខាងលើ និងទិសខាងក្រោម មានសេចក្តីសំគាល់ថា លោកមិនមានទីបំផុតក្នុងទិសទទឹង។ លោកនេះមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ យ៉ាងណា អាត្មាអញ ដឹងច្បាស់នូវលោកនេះ (យ៉ាងនោះ) ព្រោះគុណវិសេសនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៣ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។

[៣៨] ក្នុងហេតុទី៤ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី។ បុគ្គលនោះ ក៏និយាយពាក្យ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមាន ដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា លោកនេះ មានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែន ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវជុំវិញដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះ ជាពាក្យមុសាវាទ។ ម្យ៉ាងទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មិនមានទីបំផុត ឥតមានកំណត់ដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះ ក៏ជាពាក្យមុសាដែរ។ មួយទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះសោត ក៏ជាពាក្យមុសាដែរ។ ឯលោកនេះ ប្រាកដជា មានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែនដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៤ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ៤យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ឯពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ៤យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង៤យ៉ាងនុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃ ក្រៅពីហេតុ៤យ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវហេតុនៃទិដ្ឋិ៤ប្រការនោះថា ហេតុនៃទិដ្ឋិទាំងនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ដែលបុគ្គលប្រកាន់ខុសយ៉ាងនេះ រមែងមានគតិយ៉ាងនេះ មានការប្រព្រឹត្តទៅក្នុងបរលោកយ៉ាងនេះ។ ព្រះតថាគត ដឹងច្បាស់នូវទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជាគុណជាតលើសលុបជាងនោះទៅទៀតផង កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ។ មួយទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ទៅនៃ(បរាមាសក្កិលេស)ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុ ដែលនាំឲ្យកើតឡើងនៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសា របស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយារលាស់ចោលនូវវេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតផុតស្រឡះហើយចាកកិលេស ព្រោះមិនប្រកាន់នូវធម៌ណាមួយ មានខន្ធជាដើម។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយអាចនឹងសំដែងបាននូវធម៌ទាំងឡាយណា ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទំាងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន។

[៣៩] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ [អដ្ឋកថា ថា អ្នកប្រកាន់ និយាយបោះសំដី មិនឲ្យស្លាប់ពាក្យ។ ន័យមួយទៀតថា អ្នកនិយាយបោះសំដី ក្រឡិចក្រឡុច មិនឲ្យគេចាប់ពាក្យបាន ដូចជាត្រីមួយបែបឈ្មោះ ត្រីអមរា ដែលស្ទុះទៅ ស្ទុះមក ភ្លែតចុះ ភ្លែតឡើង មិនឲ្យគេចាប់ខ្លួនបាន។] កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ៤យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ៤ប្រការ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសល។ បុគ្គលនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ កាលបើអាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ នឹងអះអាងថា នេះជាកុសលក្តី នឹងអះអាងថា នេះជាអកុសលក្តី ពាក្យនៃអាត្មាអញនោះ នឹងជាមុសា ពាក្យនៃអាត្មាអញណា ជាមុសា ពាក្យនោះ នឹងជាសេចក្តីចង្អៀតចង្អល់ចិត្តនៃអាត្មាអញ សេចក្តីចង្អៀតចង្អល់ចិត្តណារបស់អាត្មាអញ សេចក្តីចង្អៀតចង្អល់ចិត្តនោះ នឹងជាអន្តរាយនៃអាត្មាអញ។ ព្រោះតែសេចក្តីត្រិះរិះយ៉ាងនេះ បានជាបុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជាអកុសលឡើយ ព្រោះខ្លាចមុសាវាទ ព្រោះខ្ពើមមុសាវាទ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះក៏មិនមែន [អដ្ឋកថា ថា ត្រង់ពាក្យដែលថា យ៉ាងនេះក៏មិនមែន ជាពាក្យឃាត់អាការសួរណាៗ ដែលមិនមានទីកំណត់។]។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន [ត្រង់ពាក្យថា យ៉ាងនោះ ក៏មិនមែន ជាពាក្យឃាត់សស្សតវាទ គឺពាក្យពោលថា លោកទៀង (បព្វៈ២៧ ២៨ ២៩ ៣០)។] សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន [ត្រង់ពាក្យថា យ៉ាងដទៃ ក៏មិនមែន ជាពាក្យឃាត់ឯកច្ចសស្សតឯកច្ចអសស្សតវាទ គឺពាក្យថា លោកទៀងខ្លះ មិនទៀងខ្លះ (បព្វៈ ៣១ ៣២ ៣៣ ៣៤)។] សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែន ក៏ទេ [ត្រង់ពាក្យថា សូន្យក៏មិនមែន ជាពាក្យឃាត់ឧច្ឆេទវាទ គឺពាក្យថា សត្វស្លាប់ទៅសូន្យ មិនកើតទៀត។]។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ [ត្រង់ពាក្យថា មិនសូន្យក៏មិនមែន ជាពាក្យឃាត់តក្កីវាទ គឺពាក្យថា សត្វស្លាប់ទៅ មិនមែនជាមាន មិនមែនជាគ្មាន។] ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើមានអ្នកណាមួយសាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ។

[៤០] ក្នុងហេតុទី២ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ។ បុគ្គលនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ កាលបើអាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលយ៉ាងនេះហើយ នឹងអះអាងថា នេះជាកុសល ឬនឹងអះអាងថា នេះជាអកុសល ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី បដិឃៈ [អដ្ឋកថា ថា សេចក្តីត្រេកអរមានកំឡាំងថយ ហៅឆន្ទៈ សេចក្តីត្រេកអរមានកំឡាំងក្លា ហៅរាគៈ សេចក្តីក្រោធមានកំឡាំងថយ ហៅទោសៈ សេចក្តីក្រោធមានកំឡាំងក្លា ហៅបដិឃៈ។] ក្តី នៃអាត្មាអញ នឹងមានក្នុងរឿងរ៉ាវណា ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី បដិឃៈក្តី នៃអាត្មាអញ នឹងមានក្នុងរឿងរ៉ាវនោះ ធម្មជាត មានឆន្ទៈជាដើមនោះ ជាឧបាទានរបស់អាត្មាអញ ធម៌ណាជាឧបាទាននៃអាត្មាអញ ធម៌នោះ នឹងជាសេចក្តីចង្អៀតចង្អល់នៃអាត្មាអញ ធម៌ណាជាសេចក្តីចង្អៀតចង្អល់របស់អាត្មាអញ ធម៌នោះ នឹងជាអន្តរាយនៃអាត្មាអញ។ ព្រោះសេចក្តីត្រិះរិះដូច្នេះ បានជាបុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជាអកុសលឡើយ ព្រោះខ្លាចឧបាទាន ព្រោះខ្ពើមឧបាទាន កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនេះក៏មិនមែន។ សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែន ក៏ទេ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី២ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើមានអ្នកណាមួយសាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ។

[៤១] ក្នុងហេតុទី៣ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ។ បុគ្គលនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលឡើយ កាលបើអាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលដូច្នេះហើយ នឹងអះអាងថា នេះជាកុសលក្តី នឹងអះអាងថា នេះជាអកុសលក្តី ក្រែងមានសមណព្រាហ្មណ៍ទាំងឡាយ ជាបណ្ឌិត មានប្រាជ្ញាដ៏ល្អិត ដឹងច្បាស់នូវវាទៈរបស់អ្នកដទៃ អាចទំលាយនូវទិដ្ឋិ របស់បុគ្គលដទៃបាន ដោយកំឡាំងប្រាជ្ញារបស់ខ្លួន មានសភាពដូចជាខ្មាន់ធ្នូ ជាអ្នកបាញ់រោមទ្រាយcallout សមណព្រាហ្មណ៍ទាំងនោះ គប្បីសាកសួរ គប្បីជជីកសួរ គប្បីសួរដេញដោល ចំពោះអាត្មាអញ ក្នុងកុសល និងអកុសលនោះ (បើ) សមណព្រាហ្មណ៍ណា គប្បីសាកសួរ គប្បីជជីកសួរ គប្បីសួរដេញដោលចំពោះអាត្មាអញ ក្នុងកុសល និងអកុសលនោះ អាត្មាអញ មុខជានឹងមិនអាចដោះស្រាយ នូវប្រស្នារបស់ពួកសមណព្រាហ្មណ៍នោះបានទេ បើអាត្មាអញ មិនអាចនឹងដោះស្រាយនូវប្រស្នាដោយហេតុណាហើយ ហេតុនោះ នឹងជាសេចក្តីចង្អៀតចិត្តនៃអាត្មាអញ ធម៌ណាជាសេចក្តីចង្អៀតចិត្តរបស់អាត្មាអញ ធម៌នោះ នឹងជាអន្តរាយនៃអាត្មាអញ។ ព្រោះសេចក្តីត្រិះរិះយ៉ាងនេះ បានជាបុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជាអកុសល ព្រោះខ្លាចពាក្យសួរដេញដោល ព្រោះធុញថប់នឹងពាក្យសួរដេញដោល កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែន ក៏ទេ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៣ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ។

[៤២] ក្នុងហេតុទី៤ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាមនុស្សមានប្រាជ្ញាទន់ ជាមនុស្សល្ងង់ខ្លៅ។ បុគ្គលនោះឯង ហេតុតែមានប្រាជ្ញាទន់ ហេតុតែល្ងង់ខ្លៅ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យថា បើអ្នកសួរខ្ញុំថា លោកខាងមុខមានឬទេ បើសេចក្តីយល់ឃើញរបស់ខ្ញុំយ៉ាងនេះថា លោកខាងមុខមាន ខ្ញុំនឹងមិនអះអាងដល់អ្នកថា លោកខាងមុខមាន (ម្តេចបាន) សេចក្តីយល់ឃើញរបស់ខ្ញុំ ថាយ៉ាងនេះ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែន ក៏ទេ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ។ បើអ្នកសួរខ្ញុំថា លោកខាងមុខមិនមានឬ។បេ។ លោកខាងមុខ មានខ្លះ មិនមានខ្លះឬ។ លោកខាងមុខ មានក៏មិនមែន មិនមានក៏មិនមែនឬ។ សត្វទាំងឡាយ ដែលមានកំណើតជាឧបបាតិកៈមានឬ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈ មិនមានឬ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈ មានខ្លះ មិនមានខ្លះឬ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈ មានក៏មិនមែន មិនមានក៏មិនមែនឬ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់មានឬ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់ មិនមានឬ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់ មានខ្លះ មិនមានខ្លះឬ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់ មានក៏មិនមែន មិនមានក៏មិនមែនឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតខ្លះ មិនកើតទៀតខ្លះឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬ។ បើសេចក្តីយល់ឃើញរបស់ខ្ញុំ នឹងមានដូច្នេះថា សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ខ្ញុំនឹងមិនអះអាងដល់អ្នកថា សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន (ម្តេចបាន) សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនទេ ក៏មិនមែនដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៤ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះឯង ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នា ក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ៤ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នា ក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ៤យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង៤យ៉ាងនុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃ ក្រៅពីនេះឡើយ។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទំាងឡាយណា។

[៤៣] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ គឺអ្នកបញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ២យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ដែលជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួននិងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ២យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ មានពួកទេវតា ឈ្មោះថា អសញ្ញីសត្វ គឺសត្វមិនមានសញ្ញា ទេវតាទាំងនោះ លុះមានសញ្ញាកើតឡើងហើយ ក៏ច្យុតចាកពួកទេវតានោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានប្រាកដត្រង់សេចក្តីថា សត្វណាមួយ ច្យុតចាកពួកទេវតានោះ មកកាន់អត្តភាពជាមនុស្សនេះ កាលដែលមកកាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាន កំណត់ត្រឹមកាលដែលខ្លួនមានសញ្ញាកើតឡើង មិនបានរលឹកហួសអំពីកំណត់នោះឡើយ។ បុគ្គលនោះ ពោលយ៉ាងនេះថា ខ្លួន និងលោក កើតឡើងដោយឥតហេតុ។ ការពោលដូច្នោះ តើព្រោះហេតុអ្វី។ ព្រោះថា អាត្មាអញ ក្នុងកាលពីមុន ក៏មិនបានកើតទេ កើតតែក្នុងកាលឥឡូវនេះ តទៅមុខទៀត ក៏មិនបានកើតដែរ ព្រះបង្អោនចិត្តទៅ ដើម្បីជាអ្នកស្ងប់រម្ងាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួននិងលោក ថាកើតឡើងដោយឥតហេតុ។

[៤៤] ក្នុងហេតុទី២ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី។ បុគ្គលនោះ ក៏និយាយពាក្យ ដែលខ្លួនស្រាវជ្រាវ បានមកដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាពាក្យកើតមានដោយបញ្ញារបស់ខ្លួនយ៉ាងនេះថា ខ្លួន និងលោក កើតឡើងដោយឥតហេតុ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី២ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោក ថាកើតឡើងដោយឥតហេតុ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិទាំងនោះ តែងបញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ២យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយឥតហេតុ សមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ២យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង២នោះ ដោយហេតុណានីមួយ មិនមានហេតុដទៃ ក្រៅពីហេតុទាំង២យ៉ាងនេះឡើយ។បេ។ ពួកជន កាលពោលសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទំាងឡាយណា។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម សំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុទាំង១៨នេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម សំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ សមណព្រាហ្មណ៍ទាំងអស់នោះ រមែងសំដែងដោយហេតុទាំង១៨នេះឯង ឬក៏បណ្តាហេតុទាំង១៨នុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃក្រៅពីហេតុទាំង១៨នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវហេតុនៃទិដ្ឋិនោះដូច្នេះថា ហេតុនៃទិដ្ឋិទាំងឡាយនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ រមែងមានគតិយ៉ាងនេះ មានការប្រព្រឹត្តិទៅ ក្នុងលោកខាងមុខយ៉ាងនេះ។ ព្រះតថាគត ដឹងច្បាស់នូវហេតុនៃទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជាគុណជាតលើសលុប ក្រៃលែងជាងនោះទៅទៀតផង។ កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ។ មួយទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ទៅ (នៃបរាមាសក្កិលេស) ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុដែលនាំឲ្យកើតឡើង នៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសារបស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយារលាស់ចោលនូវវេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ផុតស្រឡះហើយ ចាកកិលេស ព្រោះមិនប្រកាន់ (នូវធម៌ណាមួយ មានខន្ធជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយ អាចនឹងសំដែងបាន នូវធម៌ទាំងឡាយណា ពួកជន កាលពោលសរសើរគុណរបស់តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌ដ៏ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន។

[៤៥] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ (អនាគត) ប្រារព្ធខន្ធ ជាចំណែកខាងមុខ ហើយសំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុ៤៤។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធ ជាចំណែកខាងមុខ ហើយសំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុ៤៤ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។

[៤៦] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ (ប្រកាន់នូវខ្លួនថា កាលស្លាប់ទៅ មានសញ្ញា) បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ១៦យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ១៦យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ សមណព្រាហ្មណ៍ពួកនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមានរោគ គឺទៀង មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន។បេ។ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ក៏មាន។ ខ្លួនមានទីបំផុតក៏មាន។ ខ្លួនមិនមានទីបំផុតក៏មាន។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ក៏មាន។ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន ក៏មាន។ ខ្លួនមានសញ្ញាដូចគ្នាក៏មាន។ ខ្លួនមានសញ្ញាផ្សេងគ្នាក៏មាន។ ខ្លួនមានសញ្ញាយ៉ាងតិចក៏មាន។ ខ្លួនមានសញ្ញានឹងប្រមាណមិនបានក៏មាន។ ខ្លួនមានសេចក្តីសុខតែម្យ៉ាងក៏មាន។ ខ្លួនមានទុក្ខតែម្យ៉ាងក៏មាន។ ខ្លួនមានសុខ និងទុក្ខច្រឡំគ្នាក៏មាន។ ខ្លួនមិនមានទុក្ខ មិនមានសុខទាំងមិនមានរោគ មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ក៏មាន។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តិនូវខ្លួនថា មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ១៦យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ សមណព្រាហ្មណ៍ទាំងអស់នោះ តែងបញ្ញត្ត ដោយហេតុ១៦យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង១៦នោះ ដោយហេតុណាមួយ មិនមានហេតុដទៃក្រៅពីនេះឡើយ។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។

[៤៧] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ សមណព្រាហ្មណ៍ទាំងនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមានរោគ មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន។បេ។ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ក៏មាន។ ខ្លួនមានទីបំផុតក៏មាន។ ខ្លួនមិនមានទីបំផុតក៏មាន។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ក៏មាន។ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តិនូវខ្លួនថា មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ៨យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង៨យ៉ាងនុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃ ក្រៅពីនេះឡើយ។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។

[៤៨] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន (មានសញ្ញាដូចជាគ្មានសញ្ញា គឺមានសញ្ញាដ៏ល្អិត) ខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ សមណព្រាហ្មណ៍ពួកនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូបក៏មាន។បេ។ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន។ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ក៏មាន។ ខ្លួនមានទីបំផុតក៏មាន។ ខ្លួនមិនមានទីបំផុតក៏មាន។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ក៏មាន។ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តិនូវខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ៨យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង៨យ៉ាងនុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃក្រៅពីនេះឡើយ។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។

[៤៩] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាឧច្ឆេទវាទ (អ្នកពោលថាដាច់សូន្យ) បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយហេតុ៧យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយហេតុ៧យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានពាក្យយ៉ាងនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្លួននេះមានរូប ប្រកបដោយមហាភូតរូប៤ កើតអំពីមាតាបិតា លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងមិនមាន នែអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននោះឯង ឈ្មោះថា ដាច់សូន្យជាប្រាកដ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួនដទៃទៀត មានរូបជាទិព្វ ជាកាមាវចរទេវតា (ត្រាច់ទៅក្នុងកាមភព) មានកវឡិង្ការាហារជាចំណី អ្នកមិនដឹង មិនឃើញនូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះមានកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ នែអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាជាសភាវៈដាច់សូន្យដោយពិត។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួនដទៃទៀត មានរូបជាទិព្វ សម្រេចដោយឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ មានឥន្ទ្រិយមិនថោកទាប គឺមានឥន្ទ្រិយពេញលេញ អ្នកមិនដឹង មិនឃើញនូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ នែអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាជាសភាវៈដាច់សូន្យដោយពិត។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួនដទៃ ដែលចូលទៅកាន់អាកាសានញ្ចាយតនភព មានអារម្មណ៍ថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្តីសំគាល់ក្នុងរូប ព្រោះអស់ទៅនៃបដិឃសញ្ញា គឺសេចក្តីសំគាល់ ក្នុងអារម្មណ៍ដែលជាទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត ដល់នានត្តសញ្ញា គឺសេចក្តីសំគាល់ក្នុងអារម្មណ៍ផ្សេងៗ ដោយសព្វគ្រប់ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ នែអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាជាសភាវៈដាច់សូន្យដោយពិត។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួនដទៃ ដែលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតឡើយ នែអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាជាសភាវៈដាច់សូន្យដោយពិត។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យ ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួនដទៃ ដែលកន្លងបង់នូវវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វីតិចតួចក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតឡើយ នែអ្នកដ៏ចំរើន ខ្លួននេះ ឈ្មោះថាជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចំរើន តែថា ខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចំរើន មានខ្លួនដទៃ ដែលកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់នេវសញ្ញានាសញ្ញាយតនភព មានអារម្មណ៍ថា នេះជាធម្មជាតស្ងប់ នេះជាធម្មជាតឧត្តម អ្នកមិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននេះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឡើយ នែអ្នកដ៏ចំរើន ខ្លួននេះ ឈ្មោះថាជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះ ជាឧច្ឆេទវាទ រមែងបញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀតនៃសត្វដែលមាននៅ ដោយហេតុ៧យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ៧យ៉ាងនេះឯង។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។

[៥០] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាទិដ្ឋធម្មនិព្វានវាទ (អ្នកពោលនូវនិព្វាន គឺសេចក្តីរលត់ទុក្ខក្នុងបច្ចុប្បន្ន) បញ្ញត្តព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែងរបស់សត្វ ដែលមាននៅដោយហេតុ៥យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយហេតុ៥យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានពាក្យយ៉ាងនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា នែអ្នកដ៏ចំរើន កាលណាបើខ្លួននេះឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ៥ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា ជាអត្តភាពដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ម្នាលអ្នកដ៏ចំរើន ព្រោះហេតុថា កាមទាំងឡាយមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា មានសេចក្តីស្តាយស្រណោះ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ព្រោះកាមទាំងនោះប្រែប្រួលទៅ ប្រព្រឹត្តទៅដោយប្រការដទៃ នែអ្នកដ៏ចំរើន ខ្លួននេះឯង កាលណាបានស្ងប់ស្ងាត់ចាកកាមទាំងឡាយហើយ បានស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈកើតអំពីសេចក្តីស្ងាត់ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចំរើន តែថា ខ្លួននេះ មិនមែនដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យដែលថាដូច្នោះ តើព្រោះហេតុអ្វី ព្រោះហេតុថា ចិត្តដែលប្រកបដោយវិតក្កៈ និងវិចារៈ មាននៅក្នុងបឋមជ្ឈាននោះ បឋមជ្ឈាននុ៎ះ នៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានវិតក្កៈ និងវិចារៈនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចំរើន កាលណាបើខ្លួននេះ បានរម្ងាប់វិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតច្បាស់ប្រាកដក្នុងខ្លួន មានសេចក្តីជ្រះថ្លា គឺសទ្ធា ជាសភាពនៃចិត្តដ៏ខ្ពស់ឯង មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ គឺបឋមជ្ឈាន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតិយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា បីតិ ជាទីកើតឡើងនៃចិត្ត មានក្នុងទុតិយជ្ឈាននុ៎ះ នៅប្រាកដជាឈានគ្រោតគ្រាត ព្រោះមានបីតិនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចំរើន កាលណាបើខ្លួននេះ ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង រមែងបានទទួលសុខដោយនាមកាយផង ព្រោះអស់ទៅនៃបីតិ ក៏បានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយប្រាប់ថា លោកអ្នកបានតតិយជ្ឈាននោះ ប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខដូច្នេះ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតិយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា សេចក្តីអើពើ ឬសេចក្តីកួចកាន់នៃចិត្ត ថាសុខដូច្នេះ រមែងមានក្នុងតតិយជ្ឈាននោះ តតិយជ្ឈាននុ៎ះ នៅប្រាកដជាឈានគ្រោតគ្រាត ព្រោះមានសុខនៅឡើយ ម្នាលអ្នកដ៏ចំរើន កាលណាបើខ្លួននេះ បានលះបង់សុខផង លះបង់ទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយក្នុងកាលមុន ហើយបានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធ កើតអំពីឧបេក្ខាវេទនា ម្នាលអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតិយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយហេតុ៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ៥យ៉ាងនេះឯង។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធ ជាចំណែកខាងមុខ តែងសំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុទាំង៤៤នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញនូវខន្ធ ជាចំណែកខាងមុខ ប្រារព្ធខន្ធ ជាចំណែកខាងមុខ សំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ សមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុទាំង៤៤នេះឯង។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធ ជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ហើយសំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយហេតុទាំង៦២នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធ ជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធ ជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងសំដែងដោយហេតុទាំង៦២នេះឯង ឬក៏បណ្តាហេតុទាំង៦២នុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃក្រៅពីនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹងច្បាស់នូវហេតុនៃទិដ្ឋិនោះដូច្នេះថា ហេតុនៃទិដ្ឋិទាំងឡាយនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ មានគតិយ៉ាងនេះ មានការប្រព្រឹត្តិទៅក្នុងខាងមុខយ៉ាងនេះ។ ព្រះតថាគត ដឹងច្បាស់នូវហេតុនៃទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជាគុណជាតលើសលុបក្រៃលែងជាងនោះទៅទៀតផង កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ មួយទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ទៅ (នៃបរាមាសក្កិលេស) ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុ ដែលនាំឲ្យកើតឡើងនៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសារបស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយារលាស់ចោលនូវវេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ផុតស្រឡះហើយ (ចាកកិលេស) ព្រោះមិនបានប្រកាន់ (នូវធម៌ណាមួយ មានខន្ធជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយអាចសំដែងនូវធម៌ទាំងឡាយបាន ពួកជន កាលពោលសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងនេះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គលកម្រឃើញបាន ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបអាចដឹងបាន។

[៥១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួន និងលោកថាទៀង ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៥២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តខ្លួន និងលោកថាទៀងខ្លះ មិនទៀងខ្លះ ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៥៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តលោកថា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៥៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកផងសាកសួរប្រស្នា ក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៥៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ដោយវត្ថុ២យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៥៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធ ជាចំណែកខាងដើម សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ១៨យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៥៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ១៦យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៥៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តខ្លួនថា មិនមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៥៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៦០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយវត្ថុ៧យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៦១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយវត្ថុ៥យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៦២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ មានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៤៤យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៦៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិផង ប្រកបដោយអបរន្តកប្បទិដ្ឋិផង ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិផង មានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៦២យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាសស្សតវាទ បញ្ញត្តខ្លួន និងលោកថាទៀង ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៦៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តខ្លួន និងលោកថាទៀងខ្លះ មិនទៀងខ្លះ ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៦៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តលោកថា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៦៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកផងសាកសួរប្រស្នា ក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៦៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៦៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ មានសេចក្តីយល់ឃើញរឿយៗ នូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធ ជាចំណែកខាងដើម ហើយសំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ១៨យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៧០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ១៦យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៧១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តខ្លួនថា មិនមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៧២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៧៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយវត្ថុ៧យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៧៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយវត្ថុ៥យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៧៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ មានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៤៤យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៧៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិផង ប្រកបដោយអបរន្តកប្បទិដ្ឋិផង ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិផង មានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៦២យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។

[៧៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួន និងលោកថាទៀង ដោយវត្ថុ៤យ៉ាង ឯពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ គឺថា បើវៀរចាកផស្សៈ មិនអាចទទួលអារម្មណ៍បានឡើយ។

[៧៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដែលជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តខ្លួន និងលោកថាទៀងខ្លះ មិនទៀងខ្លះ ដោយវត្ថុ៤យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៧៩] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដែលជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តលោកថា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយវត្ថុ៤យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដែលជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកផងសាកសួរប្រស្នា ក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយវត្ថុ៤យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ដោយវត្ថុ២យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ មានសេចក្តីយល់ឃើញរឿយៗ នូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធ ជាចំណែកខាងដើម សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ១៨យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ១៦យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តខ្លួនថា មិនមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ពួកសមណព្រាហ្មណ៍នោះ វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ពួកសមណព្រាហ្មណ៍នោះ វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយវត្ថុ៧យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង នៃសត្វដែលមាននៅ ដោយវត្ថុ៥យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៤៤យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ប្រកបដោយអបរន្តកប្បទិដ្ឋិ ទាំងប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៦២យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៩០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួន និងលោកថាទៀង ដោយវត្ថុ៤យ៉ាងក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាឧច្ឆេទវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាទិដ្ឋធម្មនិព្វានវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ប្រកបដោយអបរន្តកប្បទិដ្ឋិ ទាំងប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៦២ក្តី ពួកសមណព្រាហ្មណ៍ទាំងអស់នោះ ទទួលដឹង (នូវអារម្មណ៍) ព្រោះប៉ះពាល់ត្រូវដោយអាយតនៈ ជាទីកើតនៃផស្សៈ៦យ៉ាង។ តណ្ហារបស់សមណព្រាហ្មណ៍ទាំងនោះ កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោកស្រណោះ សេចក្តីខ្សឹកខ្សួល សេចក្តីមិនស្រួលកាយ សេចក្តីតូចចិត្ត សេចក្តីចង្អៀតចិត្ត ក៏កើតមាន ព្រោះជាតិជាបច្ច័យដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់នូវហេតុដែលនាំឲ្យកើតឡើង និងសេចក្តីវិនាស និងសេចក្តីត្រេកអរ និងទោស និងឧបាយជាគ្រឿងរលាស់ចេញនូវអាយតនៈ ជាទីកើតនៃផស្សៈទាំង៦ តាមសេចក្តីពិតប្រាកដ ក្នុងកាលណា។ ភិក្ខុនេះរមែងដឹងច្បាស់នូវធម៌ដ៏លើសលុបជាងទិដ្ឋិទាំងឡាយទាំងពួងនេះ (ក្នុងកាលនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ ដែលវត្ថុ៦២នេះឯង (គ្របសង្កត់) ធ្វើឲ្យដូចជានៅខាងក្នុងសំណាញ់ គឺធម្មទេសនារបស់ព្រះតថាគត អាស្រ័យនៅក្នុងសំណាញ់នេះ កាលងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ជាប់នៅក្នុងសំណាញ់នេះ ធ្វើឲ្យដូចជានៅខាងក្នុងសំណាញ់ គឺធម្មទេសនារបស់ព្រះតថាគត កាលងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ម្នាលភិក្ខុទាំងឡាយ នាយនេសាទមច្ឆជាតិក្តី កម្មកររបស់នាយនេសាទមច្ឆជាតិក្តី ដែលប៉ិនប្រសប់បង់សំណាញ់ មានក្រឡាដ៏ញឹកទៅក្នុងអន្លង់ទឹកតូចនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកសត្វធំតូចណាមួយ នៅក្នុងអន្លង់ទឹកនេះ ពួកសត្វធំតូចទាំងនោះ អញធ្វើឲ្យនៅខាងក្នុងសំណាញ់ អាស្រ័យនៅក្នុងសំណាញ់នេះ កាលងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ជាប់ចំពាក់នៅក្នុងសំណាញ់នេះ អញធ្វើឲ្យនៅខាងក្នុងសំណាញ់ កាលបើងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់) សេចក្តីនេះឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ ដែលវត្ថុ៦២នេះឯង (គ្របសង្កត់) ធ្វើឲ្យដូចជានៅខាងក្នុងនៃសំណាញ់ គឺធម្មទេសនារបស់តថាគត អាស្រ័យនៅក្នុងសំណាញ់នេះ កាលងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ជាប់នៅក្នុងសំណាញ់នេះ ធ្វើឲ្យដូចជានៅក្នុងសំណាញ់ គឺធម្មទេសនា របស់ព្រះតថាគត កាលបើងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាយរបស់តថាគតមានតណ្ហានាំទៅកាន់ភពថ្មីទៀត ដាច់អស់ហើយ តែកាយឋិតនៅ (កាយរបស់ព្រះតថាគតនេះ) ឋិតនៅត្រឹមណា ទេវតា និងមនុស្សទាំងឡាយ ក៏នឹងឃើញកាយនោះត្រឹមណោះ លុះទំលាយខន្ធ ខាងមុខអំពីកិរិយាអស់ទៅនៃជីវិត ទើបពួកទេវតា និងមនុស្ស លែងឃើញកាយនោះ ម្នាលភិក្ខុទាំងឡាយ កាលបើចង្កោមផ្លែស្វាយ ដែលមានទងដាច់ហើយ ផ្លែស្វាយណាមួយដែលជាប់នៅក្នុងទង (ជាមួយគ្នា) ផ្លែស្វាយទាំងអស់នោះ រមែង (ដាច់ជ្រុះ) ទៅតាមគ្នាដែរ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយរបស់ព្រះតថាគត មានតណ្ហាដែលនាំទៅកាន់ភពថ្មីទៀត ដាច់អស់ហើយ (តែកាយនេះ) ឋិតនៅ កាយរបស់ព្រះតថាគតនេះឋិតនៅត្រឹមណា ទេវតា និងមនុស្សទាំងឡាយ នឹងឃើញកាយនោះត្រឹមណោះ លុះកាយបែកធ្លាយទៅ ខាងមុខអំពីកិរិយាអស់ទៅនៃជីវិត ទើបពួកទេវតា និងមនុស្សលែងបានឃើញកាយរបស់ព្រះតថាគតនោះ ក៏មានឧបមេយ្យដូច្នោះឯង។ កាលដែលព្រះមានព្រះភាគ ត្រាស់សំដែងយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនេះជាអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនេះមិនធ្លាប់មានមកទេ បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ហេតុនោះ អ្នកចូរចាំទុកនូវធម្មបរិយាយនេះ ក្នុងសាសនានេះថា អត្ថជាលៈ (មានអត្ថដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះថា ធម្មជាលៈ (មានធម៌ដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះថា ព្រហ្មជាលៈ (មានធម៌ដ៏ប្រសើរដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះថា ទិដ្ឋិជាលៈ (មានទិដ្ឋិ៦២ដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះថា សង្គាមវិជយៈ (មានជ័យជំនះក្នុងសង្គ្រាម) ដ៏ប្រសើរដូច្នេះក៏បាន។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងព្រះសូត្រនេះហើយ។ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ បានត្រាស់សំដែងព្រះសូត្រនេះ ជាពាក្យវេយ្យាករណ៍ (ចប់) ហើយ លោកធាតុទាំងមួយហ្មឺន ក៏កម្រើកញាប់ញ័រ។

ចប់ ព្រហ្មជាលសូត្រ ទី១។

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

សង្ឃាទិសេសទី១

បារាជិកកណ្ឌ បឋមសិក្ខាបទ