អវិជ្ជាវគ្គ

អវិជ្ជាវគ្គ

[ ] ​ ខ្ញុំបានស្តាប់មកយ៉ាងនេះ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំង នោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មាន ព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់មាន ព្រះបន្ទូលដូច្នេះ ។
[ ម្នាលភិក្ខុទាំងឡាយ អវិជ្ជាជាប្រធាននៃអកុសលធម៌ទាំង- ឡាយ ប្រព្រឹត្តទៅដើម្បីញ៉ាំងសេចក្តីមិនខ្មាសបាប និងមិនខ្លាចបាប ឲ្យ កើតឡើងជាលំដាប់ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីឃើញខុស រមែងកើតឡើងដល់បុគ្គលល្ងង់ខ្លៅ ប្រកបដោយ​អវិជ្ជា សេចក្តីត្រិះរិះខុស កើតឡើងដល់បុគ្គលមានសេចក្តីឃើញខុស វាចាខុសកើត​ឡើងដល់បុគ្គលមានសេចក្តីត្រិះរិះ​​ខុស  ការងារ​ខុស កើតឡើងដល់បុគ្គលមាន​វាចា​ខុស ការចិញ្ចឹមជីវិតខុស កើតឡើងដល់បុគ្គលមានការងារខុស ការព្យាយាមខុស កើតឡើងដល់បុគ្គលមានការចិញ្ចឹមជីវិតខុស ការរឭកខុស កើតឡើងដល់​បុគ្គល​មាន​ការព្យាយាមខុស ការតាំងចិត្តមាំខុស កើតឡើងដល់បុគ្គលមានការរឭកខុស
[ ]         ម្នាលភិក្ខុទំាងឡាយ ឯវិជ្ជាជាប្រធាននៃកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីញ៉ាំងសេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ឲកើតឡើងជាលំដាប់ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីឃើញត្រូវ រមែងកើតឡើងដល់បុគ្គលអ្នកដឹងច្បាស់ប្រកប​ដោយ​វិជ្ជា សេចក្តីត្រិះរិះត្រូវ កើតឡើងដល់បុគ្គលមានសេចក្តីឃើញត្រូវ វាចាត្រូវ កើតឡើង​ដល់បុគ្គលមានសេចក្តីត្រិះរិះត្រូវ ការងារត្រូវ កើត​ឡើងដល់បុគ្គលមានវាចាត្រូវ ការ​ចិញ្ចឹមជីវិតត្រូវ កើតឡើងដល់បុគ្គលមានការងារត្រូវ ការព្យាយាមត្រូវ កើតឡើង ដល់បុគ្គលមានការចិញ្ចឹមជីវិតត្រូវ ការរឭកត្រូវ កើតឡើងដល់បុគ្គលអ្នកមាន
ព្យា​យាមត្រូវ ការតាំងចិត្តមាំត្រូវ កើតឡើងដល់បុគ្គលអ្នកមានការរឭកត្រូវ ។
[ ] ខ្ញុំបានស្តាប់មកយ៉ាងនេះ   សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​សក្ករនិគម របស់ពួកសក្យៈ ក្នុងដែនសក្យៈ ។  គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូល ទៅគាល់ព្រះដ៏មានព្រះភាគ  លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ  ហើយអង្គុយក្នុងទីដ៏សមគួរ ។  លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់ កណ្តាលនៃព្រហ្មចរិយធម៌ ។
[ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោល​យ៉ាងនេះឡើយ ម្នាលអានន្ទ គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនោះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល ម្នាលអានន្ទ ព្រហ្មចរិយធម៌នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និង​ចម្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ និងធ្វើឲចម្រើននូវមគ្គដ៏ប្រសើរ​ប្រកប​ដោយ​អង្គ ៨ ។
[ ម្នាលអានន្ទ ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចម្រើននូវមគ្គ ដ៏ប្រសើរប្រកបដោយអង្គ ៨ ធ្វើឲចម្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ តើ ដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ  ចម្រើននូវសម្មាទិដ្ឋិ  ដែលអាស្រ័យនូវ​សេច​ក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ចម្រើននូវសម្មាសង្កប្បៈ ដែលអាស្រ័យនូវសេចក្តី​ស្ងប់ស្ងាត់ ។ បេ ។  ចម្រើននូវសម្មាសង្កវាចា ។ បេ ។  ចម្រើននូវសម្មាកម្មន្តៈ ។ បេ ។  ចម្រើននូវសម្មាជីវៈ ។ បេ ។  ចម្រើននូវវាយាមៈ ។ បេ ។  ចម្រើននូវសម្មាសតិ ។ បេ ។  ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តី​នឿយណាយ អាស្រ័យនូវសេចក្តី​រលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ។ ម្នាល​អានន្ទ ភិក្ខុមានមិត្តល្អ មានសំឡាញ់​ល្អ មានក្លើល្អ  ចម្រើននូវមគ្គដ៏ប្រសើរ​ប្រកបដោយ​អង្គ ៨ ធ្វើឲចម្រើននូវមគ្គដ៏ប្រសើរប្រ​កបដោយអង្គ ៨ យ៉ាងនេះឯង ។
[ ]         ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជា​ព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគតដែលជាមិត្តល្អ បានជាពួកសត្វដែលមានជាតិជា ធម្មតា រួចស្រឡះចាកជាតិទៅបាន ពួកសត្វដែលមានជរាជាធម្មតា រួចស្រឡះចាក​ជរាទៅបាន ពួកសត្វដែលមានមរណៈជាធម្មតា រួចស្រឡះចាកមរណៈទៅបាន ពួក​សត្វដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់​ចិត្តជាធម្មតា រួចស្រឡះចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តី​ចង្អៀតចង្អល់ចិត្តទៅបាន ។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះ ​ដោយបរិយាយ​នេះ​ចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមាន​សំឡាញ់ល្អ និងការ​មានក្លើល្អ ។
[ សាវត្ថីនិទាន ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏-មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី​ សមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្ត​ល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ ។
[ ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ម្នាលសារីបុត្ត នេះហើយជាព្រហ្ម-​ចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ ។ ម្នាល​សារី​បុត្ត ព្រហ្មចរិយធម៌នេះ ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និង ចម្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នឹងធ្វើឲច្រើននូវមគ្គដ៏ប្រសើរ ប្រកប ដោយអង្គ ៨ ។
[ ១០ ]        ម្នាលសារីបុត្ត ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែង ចម្រើន​​នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲច្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយ​អង្គ ៨ តើដូចម្តេច ។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ​ ដែល​អាស្រ័យនូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវ​សេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីសេចក្តីលះបង់ ។ បេ ។  ចម្រើននូវសម្មា-សមាធិ ​ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យ​នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ។ ម្នាលសារីបុត្ត ភិក្ខុ​មានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចម្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ធ្វើឲច្រើននូវមគ្គដ៏ប្រសើរ ប្រកប​ដោយអង្គ ៨ យ៉ាងនេះឯង ។
[ ១១ ] ម្នាលសារីបុត្ត អ្នកគប្បីដឹងនូវសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជា ព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ ។ ម្នាលសារីបុត្ត ព្រោះអាស្រ័យនូវតថាគតជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជា​ធម្មតា រួចស្រឡះចាកជាតិទៅបាន ពួកសត្វដែលមានជរាជាធម្មតា  រួចស្រឡះចាក ជរាទៅបាន ពួកសត្វដែលមានមរណៈជាធម្មតា រួចស្រឡះចាកមរណៈទៅបាន ពួក​សត្វដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំកាយចិត្ត និងសេចក្តីចង្អៀត​ចង្អល់ ចិត្ត​ជាធម្មតា រួចស្រឡះចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តី​ ចង្អៀតចង្អល់ចិត្តទៅបាន ។ ម្នាលសារីបុត្ត អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះ​ចុះថា នេះហើយជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ ។
[ ១២ ]       សាវត្ថីនិទាន ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ​និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ។ ព្រះអានន្ទដ៏មាន​អាយុ​ បានឃើញព្រាហ្មណ៍ ឈ្មោះជាណុស្សោណិ បររថទឹមមេសេះសសុទ្ធ ចេញអំពី​ក្រុង​សាវត្ថី ​ទៅជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស  ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់​ក៏ស ស្បែកជើងក៏ស  គេបក់ដោយផ្លិតរោមសត្វស ។ ជនបានឃើញជាណុស្សោណិ ព្រាហ្មណ៍​នោះ​ហើយ ​ក៏ពោលយ៉ាងនេះថា អើហ្ម៎ ប្រសើរពេកណាស់ អើហ្ន៎ យានមាន សភាពដូចជាយានរបស់ព្រហ្ម ។
[ ១៣ ]      គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាត្រ លុះត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅគាល់ព្រះ- ដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាប បង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា  បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត  បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឃើញជាណុស្សោណិព្រាហ្មណ៍ បររថ​ទឹមដោយមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថី ជាណុស្សោណិព្រាហ្មណ៍ទឹមសេះស មានគ្រឿង​ប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស  ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់​ក៏ស ស្បែកជើងក៏ស  គេបក់ដោយផ្លិតរោម​សត្វ​ក៏សទៀត ។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍នោះហើយ ក៏ពោលយ៉ាងនេះថា អើហ្ម៎ ប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម ។ បពិត្រ​ព្រះអង្គដ៏ចម្រើន ព្រះអង្គអាចបញ្ញត្តនូវព្រហ្មយាន ក្នុងធម្មវិន័យនេះ បានដែរឬ ។
[ ១៤ ]       ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគតអាចនឹងបញ្ញត្ត​បាន ហើយក៏ត្រាស់ថា ម្នាលអានន្ទ ពាក្យថា ព្រហ្មយានដូច្នេះក្តី ធម្មយានដូច្នេះក្តី ថា​អនុត្តរសង្គាមជ័យ ( ការឈ្នះសង្គ្រាមដ៏ប្រសើរក្រៃលែង ) ដូច្នេះក្តី នេះជាឈ្មោះនៃ​​ម​គ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ។
[ ១៥ ]       ម្នាលអានន្ទ សម្មាទិដ្ឋិ ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ រមែង​មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់បង់នូវទោសៈ​ជាទីបំផុត មានការ​កម្ចាត់​​បង់នូវមោហៈជាទីបំផុត ។
[ ១៦ ]       ម្នាលអានន្ទ សម្មាសង្កប្បៈ​ ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ រមែង​មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់បង់នូវទោសៈ​ជាទីបំផុត មាន​ការ​កម្ចាត់​​បង់នូវមោហៈជាទីបំផុត ។
[ ១៧ ]       ម្នាលអានន្ទ សម្មាវាចា ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ រមែង​មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់បង់នូវទោសៈ​ជាទីបំផុត មាន​ការ​កម្ចាត់​​បង់នូវមោហៈជាទីបំផុត ។
[ ១៨ ]       ម្នាលអានន្ទ សម្មាកម្មន្តៈ ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ រមែង​មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់បង់នូវទោសៈ​ជាទីបំផុត
មាន​ការ​កម្ចាត់​​បង់នូវមោហៈជាទីបំផុត ។
[ ១៩ ]       ម្នាលអានន្ទ សម្មាអាជីវៈ ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ រមែង​មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់បង់នូវទោសៈ​ជាទីបំផុត មានការ​កម្ចាត់​​បង់នូវមោហៈជាទីបំផុត ។
[ ២០ ]       ម្នាលអានន្ទ សម្មាវាយាមៈ ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ រមែង​មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់បង់នូវទោសៈ​ជាទីបំផុត មានការ​កម្ចាត់​​បង់នូវមោហៈជាទីបំផុត ។
[ ២១ ]       ម្នាលអានន្ទ សម្មាសតិ ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ រមែង​មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់បង់នូវទោសៈ​ជាទីបំផុត មានការ​កម្ចាត់​​បង់នូវមោហៈជាទីបំផុត ។
[ ២២ ]       ម្នាលអានន្ទ សម្មាសមាធិ ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ រមែង​មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់បង់នូវទោសៈ​ជាទីបំផុត មានការ​កម្ចាត់​​បង់នូវមោហៈជាទីបំផុត ។
[ ២៣ ]      ម្នាលអានន្ទ អ្នកគប្បីដឹងនូវសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា ពាក្យថា ព្រហ្មយានដូច្នេះក្តី ថាធម្មយានដូច្នេះក្តី ថាអនុត្តរសង្គាមវិជ័យដូច្នេះក្តី នេះជាឈ្មោះនៃ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវព្រះពុទ្ធ- ដីកានេះហើយ លុះព្រះសុគតជាសាស្តាទ្រង់ត្រាស់នូវព្រះពុទ្ធដីការនេះរួចហើយ ក៏​ទ្រង់ត្រាស់នូវព្រះពុទ្ធដីកានេះតទៅទៀតថា ៖
[ ២៤ ]       ធម៌ទាំងឡាយជាគូគ្នា គឺសទ្ធា និងបញ្ញារបស់រថ គឺអរិយមគ្គ​ឯណា ឯសទ្ធាទុកជានឹម ហិរិជា​ចន្ទោល មនោជាខ្សែបរ សតិជា​សារថី​អ្នកថែរក្សា ។ រថ គឺអរិយមគ្គ ( នោះ ) មានសីលជាគ្រឿងពាស មាន​ឈានជាភ្លៅ មានវិរិយៈជាកង់ មានឧបេក្ខាជាកំណល់នឹម មានអនិច្ចា
( សេចក្តីមិនលោភ ) ជារនាំបាំង ។  សេចក្តីមិនព្យាបាទ  សេចក្តីបៀត​បៀន  និងសេចក្តីស្ងប់ស្ងាត់ ទុកជាអាវុធរបស់កុលបុត្ត     ( អ្នកស្ថិតនៅ​ក្នុង​រថ គឺអរិយមគ្គ ឯណា ( កុលបុត្តនោះ )   មានធម៌ គឺអធិវាសនខន្តី​ជាគ្រឿងក្រោះ   ប្រព្រឹត្តទៅដើម្បីព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ។ ព្រហ្មយាននេះ  រកគុណជាតដទៃក្រៃលែងជាងគ្មាន កើតព្រមក្នុងខ្លួនអ្នក​ប្រាជ្ញទាំងឡាយ កាលមានជ័យជម្នះ ( នូវរាគាទិកិលេស ) រមែងចេញ​ចាក​លោកបាន ដោយពិត ។
[ ២៥ ] សាវត្ថីនិទាន ។ គ្រានោះ ពួកភិក្ខុច្រើនរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយក្នុងទីសមគួរ ។ លុះ​ភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ពួកអន្យតិរ្ថិយបរិព្វាជកសួរខ្ញុំព្រះអង្គទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកលោកនៅប្រព្រឹត្តព្រហ្មចរិយធម៌ក្នុង
សម្នាក់ព្រះសមណគោតមដើម្បីប្រយោជន៍អ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើ​ពួក​អន្យតិរ្ថិយបរិព្វាជកសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គទាំងឡាយ ក៏ដោះស្រាយដល់​ពួក​អន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងនៅ​ប្រព្រឹត្តព្រហ្មចរិយ​ធម៌ ក្នុសម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខ ។ បពិត្រ​ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ កាលបើគេសួរយ៉ាងនេះហើយ ដោះស្រាយ​យ៉ាងនេះ​ថា ឈ្មោះថា​ ពោលតាមពាក្យដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌​តាម​សមគួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយ ដែលប្រកបដោយធម៌ ក៏មិនដល់នូវ​ហេតុដែលបណ្ឌិតគប្បីតិះដៀលផងទេឬ ។
[ ២៦ ]       ម្នាលភិក្ខុទាំងឡាយ អើ កាលបើគេសួរយ៉ាងនេះហើយ អ្នកទាំងឡាយ​ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលតាមពាក្យដែលតថាគតពោលហើយផង មិន​ឈ្មោះថា ពោលបង្កាច់តថាគតដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌តាមសម គួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយដែលប្រកបដោយធម៌ ក៏មិនដល់នូវហេតុ​ដែលបណ្ឌិតគប្បីតិះដៀលផងទេ ព្រោះអ្នកទាំងឡាយនៅប្រព្រឹត្តព្រហ្មចរិយធម៌ក្នុង សម្នាក់តថាគត ដើម្បីកំណត់នូវទុក្ខពិត ។
[ ២៧ ]       ម្នាលភិក្ខុទំាងឡាយ បើពួកអន្យតិរ្ថិយបរិព្វាជកសួរអ្នកទាំងឡាយយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ចុះមគ្គ និងបដិបទាប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវទុក្ខ​នុ៎ះ មានដែរឬ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរិ្ថយបរិព្វាជកសួរយ៉ាងនេះ អ្នក​ទាំងឡាយគប្បីដោះស្រាយដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាល អាវុសោទាំងឡាយ មគ្គ និងបដិបទា ប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវទុក្ខនុ៎ះ មានដែរ ។
[ ២៨ ]       ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវទុក្ខនុ៎ះ ។ គឺមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ហ្នឹងឯង ។ មគ្គទាំង ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។  ម្នាលភិក្ខុទាំងឡាយ នេះជាមគ្គ នេះជាបដិបទា ដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវទុក្ខនុ៎ះ ។ ម្នាលភិក្ខុទាំងឡាយ កាល បើពួកអន្យតិរិ្ថយបរិព្វាជកសួរយ៉ាងនេះហើយ អ្នកទាំងឡាយគប្បីដោះស្រាយដល់ពួក អន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះចុះ ។
[ ២៩ ]       សាវត្តីនិទាន ។ គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ កា្របថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុ​នោះ​ អង្គុក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន គេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន​ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច ។
[ ៣០ ]       ម្នាលភិក្ខុមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ នេះឯង ហៅថាព្រហ្មចរិយៈ ។ មគ្គទាំង ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុ ការអស់​ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុតនៃ ព្រហ្មចរិយៈ ។
[ ៣១ ]      សាវត្ថីនិទាន ។ គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុ​នោះ ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចម្រើន គេតែងនិយាយថា ការកម្ចាត់បង់នូវរាគៈ ការកម្ចាត់បង់នូវទោសៈ ការកម្ចាត់បង់នូវមោហៈ ដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះពាក្យថា ការកម្ចាត់បង់នូវ រាគៈ ការកម្ចាត់បង់នូវទោសៈ ការកម្ចាត់បង់នូវមោហៈនុ៎ះ ជាឈ្មោះនៃអ្វីនុ៎ះហ្ន៎ ។ ម្នាល​ភិក្ខុ ពាក្យថា ការកម្ចាត់បង់នូវរាគៈ ការកម្ចាត់បង់នូវទោសៈ និងការកម្ចាត់​បង់​នូវ​មោហៈនុ៎ះ ជាឈ្មោះនៃនិព្វានធាតុ ។ ព្រោះនោះ ទើបហៅថា ការអស់ទៅនៃ​អាសវៈ​ទាំងឡាយ ។
[ ៣២ ]      ការលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុនោះ ក៏ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គេតែងនិយាយថា អមតៈ អមតៈ (មិនស្លាប់ មិនស្លាប់ ) ដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន អមតៈ តើដូចម្តេច ផ្លូវជាដំណើរទៅកាន់អមតៈ តើដូចម្តេច ។ ម្នាលភិក្ខុ ការអស់ទៅនៃរាគៈ ការអស់​ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថាអមតៈ ។ មគ្គដ៏ប្រសើរប្រកប​ដោយអង្គ ៨​ នេះឯង ជាផ្លូវដំណើរទៅកាន់អមតៈ ។ មគ្គទាំង ៨ តើដូចម្តេច ។ គឺ​សម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។
[ ៣៣ ]     សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នឹងចែកនូវមគ្គដ៏​ប្រសើរប្រកដោយអង្គ ៨ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរប្រុងស្តាប់នូវមគ្គនោះ ចូរធ្វើ​ទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ តើដូចម្តេច ។ មគ្គទាំង ៨ គឺអ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។
[ ៣៤ ]      ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីដឹង​ក្នុងទុក្ខ សេចក្តី​ដឹងក្នុងហេតុជាទីកើតឡើងនៃទុក្ខ សេចក្តីដឹងការរលត់​នៃទុក្ខ សេចក្តីដឹងក្នុងបដិប​ទា​ជាដំណើរទៅកាន់ទីរលត់នៃទុក្ខឯណា ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សម្មាទិដ្ឋិ ។
[ ៣៥ ] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តត្រិះរិះក្នុងការចេញចាកកាម សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ សេចក្តីត្រិះរិះ​ក្នុងការមិនបៀតបៀនឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសង្កប្បៈ ។
[ ៣៦ ]      ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការនិយាយកុហក ចេតនាវៀរចាកការនិយាយញុះញង់ ចេតនាវៀរ ចាកការនិយាយទ្រគោះ ចេតនាវៀរចាកការនិយាយរោយរាយឯណា ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សម្មាវាចា ។
[ ៣៧ ]      ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការសម្លាប់សត្វ ចេតនាវៀរចាកការលួចទ្រព្យគេ ចេតនាវៀរចាក​ការប្រព្រឹត្តធម៌មិនប្រសើរឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាកម្មន្តៈ ។
[ ៣៨ ]      ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស សម្រេចការចិញ្ចឹមជីវិត​ដោយការចិញ្ចឹមជីវិតត្រូវ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាអាជីវៈ ។
[ ៣៩ ]      ម្នាលភិក្ខុទាំងឡាយ សម្មាវាយាមៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ ញ៉ាំងឆន្ទៈឲកើត ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំង
ព្យា​យាមមាំ ដើម្បីញ៉ាំងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲកើត​ឡើង​បាន ញ៉ាំងឆន្ទៈឲកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះ​បង់នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ  ញ៉ាំងឆន្ទៈឲកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងកុសលធម៌ ដែលមិនទាន់កើត ឲកើតឡើង ញ៉ាំងឆន្ទៈឲកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងពួកកុសលធម៌ដែលកើតឡើងហើយ ឲតាំងនៅមិនឲភ្លេចភ្លាំងទៅវិញ ឲចម្រើនធំទូលាយ ពេញបរិបូណ៌ក្រៃលែងឡើង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាយាមៈ ។
[ ៤០ ]        ម្នាលភិក្ខុទាំងឡាយ សម្មាសតិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ពិចារណាឃើញរឿយ ៗ នូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងកម្ដៅ កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក ចេញ ពិចារណាឃើញរឿយ ៗ នូវវេទនាក្នុងក្នុងវេទនាទាំងឡាយ មានព្យាយាមជា​គ្រឿង​កម្ដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង​ទោមនស្ស​ ក្នុងលោកចេញ ពិចារណាឃើញរឿយ ៗ នូវចិត្តក្នុងចិត្ត មានព្យាយាម​ជាគ្រឿងកម្ដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា​ និង​ទោមនស្សក្នុងលោកចេញ ពិចារណាឃើញរឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ មាន​ព្យាយាមជាគ្រឿងកម្ដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា​និងទោមនស្ស ក្នុងលោកចេញ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសតិ ។
[ ៤១ ]       ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បាន​ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខ កើត​អំពីវិវេក ហើយសម្រេចសម្រាន្តនៅ បានដល់នូវទុតិយជ្ឈានជាធម្មជាតិកើតមានក្នុង សន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ​និងវិចារៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុមានចិត្តនឿយណាយចាកបីតិ ប្រកបដោយ ឧបេក្ខា មានស្មារតីដឹងខ្លួន សោយនូវសុខដោយនាមកាយ ព្រះអរិយទាំងឡាយ តែង
សរសើរនូវបុគ្គលដែលបាននូវតតិយជ្ឈាននោះថា បុគ្គលដែលបាននូវតតិយជ្ឈាន មាន​ចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះ​តតិយជ្ឈានឯណា ក៏បានដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ភិក្ខុ​ លះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់​ហើយក្នុង​កាលមុន ក៏បាន​នូវ​ចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធិ​ដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសមាធិ ។
[ ៤២ ]       សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំ​ណើប ដែលគេតម្កល់ទុកខុស នឹងមុតដៃ ឬជើង ឬនឹងញ៉ាំងឈាមឲកើតឡើងបាន ដល់ បុគ្គលដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមិនមានឡើយ ។ ដំណើរ​នោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាចុងនៃស្រូវគេតម្កល់ទុកខុស យ៉ាង​ណា​មិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងអាចទម្លាយនូវអវិជ្ជា នឹងញ៉ាំងវិជ្ជាឲកើត​ឡើង នឹងបានធ្វើឲជាក់ច្បាស់នូវព្រះនិព្វាន ដោយទិដ្ឋិដែលខ្លួនតម្កល់ខុស ដោយមគ្គ-ភាវនាដែលខ្លួនតម្កល់ខុស  ហេតុនេះ រមែងមិនមានឡើង ។ ដំណើរនោះ ព្រោះហេតុ​ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាទិដ្ឋិដែលភិក្ខុនោះ តម្កល់ខុស ក៏យ៉ាងនោះដែរ ។
 [ ៤៣ ]     ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំ​ណើប ដែល​បុគ្គលតម្កល់​​​ទុក​ត្រូវ នឹងអាចមុតដៃ ឬជើង ឬនឹងញ៉ាំងឈាមឲកើតឡើងបាន ដល់ បុគ្គលដែល​ច្រត់​​ដោយ​ដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមានជាប្រាកដ ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី ។ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាចុងនៃស្រូវគេតម្កល់ទុកត្រូវ យ៉ាងណា​មិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងទម្លាយនូវអវិជ្ជា នឹងញ៉ាំងវិជ្ជា​ឲកើត​ឡើង នឹងបានធ្វើឲជាក់ច្បាស់នូវព្រះនិព្វានបាន ដោយទិដ្ឋិដែលខ្លួនតម្កល់ត្រូវ ដោយ​មគ្គភាវនាដែលខ្លួនតម្កល់ត្រូវ  ហេតុនេះ រមែងមានជាប្រាកដឡើង ។ ដំណើរនោះ ព្រោះ​ហេតុ​អ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិដែលភិក្ខុនោះ តម្កល់ត្រូវ ក៏យ៉ាងនោះដែរ ។
[ ៤៤ ]       ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុនឹងទម្លាយនូវអវិជ្ជា ញ៉ាំងវិជ្ជាឲកើតឡើង នឹងបានធ្វើឲជាក់ច្បាស់នូវព្រះនិព្វាន ដោយទិដ្ឋិដែលខ្លួនតម្កល់ត្រូវ ដោយមគ្គភាវនា​ដែលខ្លួនតម្កល់ត្រូវ តើដូម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវ​សម្មា​ទិដ្ឋិ ដែលអាស្រ័យនូវសេចក្តីស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យ​នូវ​ សេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ។ បេ ។  ចម្រើននូវសម្មាសមាធិ ដែល​អាស្រ័យនូវសេចក្តីស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនឹងទម្លាយនូវអវិជ្ជា ញ៉ាំង​​វិជ្ជាឲកើតឡើង នឹងធ្វើឲជាក់ច្បាស់នូវព្រះនិព្វាន ដោយទិដ្ឋិ​ដែល​ខ្លួន​តម្កល់​ត្រូវ ដោយ​មគ្គភាវនាដែលខ្លួនតម្កល់ត្រូវ យ៉ាងនេះឯង ។
[ ៤៣ ]      សាវត្ថីនិទាន ។ គ្រានោះ នន្ទិយបរិព្វាជកចូលទៅគាល់ព្រះដ៏មានព្រះភាគ ចុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។  លុះនន្ទិយ​-បរិព្វាជកអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ ជាធម៌មាន​ដំ​ណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្តទៅក្នុងខាងមុខ មាន
ព្រះ​និព្វានជាទីបំផុត មានប៉ុន្មានហ្ន៎ ។ ម្នាលនន្ទិយៈ ធម៌ទាំងឡាយ ដែលបុគ្គលចម្រើន​ហើយ ធ្វើឲច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទី
ប្រព្រឹត្ត​ទៅ​ខាងមុខ មានព្រះនិព្វានជាទីបំផុត នេះមាន ៨ យ៉ាង ។ ធម៌ទាំង ៨ យ៉ាង​តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលនន្ទិយៈ ធម៌ទាំង ៨ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ ជាធម៌មានដំណើរទៅកាន់​ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វានជាទីបំផុត ។
[ ៤៦ ]       កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះហើយ នន្ទិយៈបរិព្វាជក​ក៏ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រ​ព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ដូចបុគ្គលផ្ងារឡើងនូវ​របស់ដែលគេផ្កាប់ ឬបើកឡើងនូវរបស់ដែលបិទបាំង ពុំនោះសោតប្រាប់នូវផ្លូវដល់អ្នក​វង្វេងផ្លូវ ឬទ្រោលប្រទីបប្រេងបំភ្លឺក្នុងទីងងឹតដោយគិតថា បុរសអ្នកមានភ្នែកនឹងបាន​ឃើញរូបទាំងឡាយ យ៉ាងណាមិញ ។ ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សម្តែង​ហើយដោយ​អនេក​បរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គសូមដល់នូវព្រះ​​ គោ​តដ៏ចម្រើន ទាំងព្រះធម៌​ និងព្រះភិក្ខុសង្ឃ ជាទីពឹងទីរឭក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថាជា​ឧបាសក អ្នកដល់នូវព្រះរតនត្រ័យជាទីពឹងទីរឭក ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជា​ដើមទៅ ។
ចប់ អវិជ្ជាវគ្គ ទី ១ ។
ឧទ្ទាននៃអវជ្ជាវគ្គនោះគឺ ៖
និយាយអំពីអវិជ្ជា ១ អំពីពាក់កណ្តាលនៃព្រហ្មចរិយៈ  ១  អំពីព្រះសារីបុត្ត  ១ អំពីជាណុស្សោណិព្រាហ្មណ៍ ១ អំពីការប្រព្រឹត្តព្រហ្មចរិយៈ​ដើម្បី​ប្រយោជន៍អ្វី   ១   អំពីភិក្ខុមួយរូប ចូលទៅក្រាបបង្គំទូលព្រះដ៏មាន​ព្រះ-​ភាគ​​ មាន ២ លើក អំពីព្រះដ៏មានព្រះភាគសម្តែងចែកអដ្ឋង្គិកមគ្គ ១ អំពីសេចក្តីប្រៀបដូចចុងនៃស្រូវ ១ អំពីនន្ទិយបរិព្វាជក ១ ។

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

បារាជិកកណ្ឌ បឋមសិក្ខាបទ

សង្ឃាទិសេសទី១

ព្រហ្ម​ជាល​សូត្រ​ ​ទី​ ​១​