សមណសញ្ញាសូត្រ ទី១
[១] ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា (សេចក្តីសំគាល់របស់សមណៈ) ៣ យ៉ាង ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងធម៌ ៧ ប្រការឲ្យពេញលេញបាន។ ៣ យ៉ាង តើអ្វីខ្លះ។ គឺ (បព្វជិតគប្បីពិចារណារឿយ ៗ ថា) អាត្មាអញនេះ កាន់យកនូវភេទផ្សេង (អំពីភេទរបស់គ្រហស្ថ) ១ ការប្រព្រឹត្តិចិញ្ចឹមជីវិត របស់អាត្មាអញ រមែងប្រព្រឹត្តជាប់ដោយបុគ្គលដទៃ ១ អាត្មាអញ គប្បីធ្វើអាកប្បកិរិយាផ្សេង (អំពីគ្រហស្ថ) ១។ ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងធម៌ ៧ ប្រការ ឲ្យពេញលេញបាន។ ធម៌ ៧ ប្រការ តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកធ្វើរឿយ ៗ ជានិច្ច ប្រព្រឹត្តមិនដាច់ក្នុងសីលទាំងឡាយ ១ ជាអ្នកមិនមានសេចក្តីលោភ ១ ជាអ្នកមិនបៀតបៀន ១ ជាអ្នកមិនមើលងាយគេ ១ ជាអ្នកមានសេចក្តីប្រាថ្នាក្នុងសិក្ខា ១ ភិក្ខុនោះ មានសេចក្តីយល់ថា នេះជាប្រយោជន៍ ក្នុងជីវិតបរិក្ខារទាំងឡាយ ១ ជាអ្នកប្រារព្ធនូវព្យាយាម ១។ ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងធម៌ ៧ ប្រការនេះ ឲ្យពេញលេញបាន។
ความคิดเห็น
แสดงความคิดเห็น